(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រចាំការជាប់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់អ្នកជំងឺ ជាពិសេសស្ដ្រីកំពុងសម្រាលកូន ហើយតាមមន្ទីរពេទ្យ ត្រូវបែងចែកវេនប្រចាំការទាំង៤វេន ព្រឹក ថ្ងៃ ល្ងាច និងយប់ផងដែរ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «ការដែលប្រុងប្រយ័ត្ន ជាការងារមួយដែលល្អបំផុត ត្រូវតាមដានសុខភាពពួកគាត់ ឱ្យបានជាប់ជានិច្ច បើមានស្ដ្រីសម្រាលកូនរូបណាមានបញ្ហា យើងបានដឹងហើយ ត្រូវតែតាមដានជាប់ជានិច្ច កក់ត្រាឱ្យច្បាស់លាស់ កុំទុកគាត់ចោល ដោយធ្វើយ៉ាងម៉េចឱ្យប្រាកដប្រជាថា យើងបានថែទាំ និងប្រឹងប្រែងអស់ពីលទ្ធភាព ជួយគាត់ និងកូន»។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «ក្នុងមួយឆ្នាំៗស្ដ្រីសម្រាលកូនទូទាំងប្រទេសប្រមាណជាង ៣៦ម៉ឺននាក់ ដូច្នេះក្រុមគ្រូពេទ្យ ត្រូវសាមគ្គីគ្នាពិគ្រោះយោបល់ និងប្រជុំបច្ចេកទេសរាល់ព្រឹក ពីការថែទាំសុខភាពមាតា និងទារកទើបកើតដើម្បីបង្កើនចំណេះដឹង ផ្ដល់សុវត្ថិភាពកាន់តែខ្ពស់ដល់ប្រជាពលរដ្ឋយើង»។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មី របស់ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ដ្រីសុខាភិបាល បានក្រើនរំលឹកទៀតថា ក្នុងនាមជាគ្រូពេទ្យ ធ្វើកិច្ចការងារ កុំប្រកាន់ការងារគ្នា បើឃើញមានការខ្វះខាត ត្រូវជួយគ្នា កុំគេចពីបញ្ហា ត្រូវផ្ដល់សេវារហ័សជូនអ្នកជំងឺ ជាពិសេស ស្ដ្រីសម្រាលកូន កុំគេចឱ្យសោះ ចូលកាន់តែជិតដើម្បីជួយគាត់ កុំមានបញ្ហារត់ចោល មិនអាចគេចខ្លួនបានទេ ឬឆ្លើយដាក់គ្នានោះទេ ប្រធានត្រូវតែទទួលខុសត្រូវ។
លើសពីនោះ បើអ្នកជំងឺមានគ្រោះថ្នាក់ ឬហានិភ័យខ្ពស់ដល់ជីវិតទាំងក្រុមគ្រូពេទ្យប្រតិបត្ដិការងារ និងងប្រធានផ្នែក ត្រូវមកជិត ម្យ៉ាងមកដើម្បីផ្ដល់ប្រឹក្សា សង្កេតសកម្មភាពដើម្បីគ្រប់គ្រងស្ថានការណ៍ និងស្រោចស្រង់អាយុជីវិតអ្នកជំងឺផង ម្យ៉ាងទៀតដើម្បីផ្ដល់នូវកម្លាំងចិត្ដ និងភាពកក់ក្ដៅ ស្រលាញ់រាប់អានដល់អ្នកជំងឺ ដូចជាគ្រួសារកូនក្មួយយើងផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា «សម្រាប់អ្នកជំងឺដែលមានស្ថានភាពក្រលំបាកខ្វះខាតខ្លាំង យើងជាគ្រូពេទ្យត្រូវតែជួយគាត់កាន់តែខ្លាំង មើលថែទាំគាត់កាន់តែខ្លំាង ជួយឧបត្ថម្ភគាត់ជាថវិកាជាដើម តាមសណ្ដានចិត្ដ និងប្រើប្រាស់នូវមូលនិធិសមធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានផ្ដល់ជូន ជាពិសេសយកចិត្ដទុកដាក់ និងឧស្សាហ៍ទៅសួរសុខទុក្ខ និងប្រឹក្សាល្អៗជូនគាត់»។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានព្រមានដាក់ពិន័យទៅដល់គ្រូពេទ្យណាមួយ ដែលអូសទាញទឹកចិត្ដអ្នកជំងឺទៅព្យាបាល ឬសម្រាលកូននៅគ្លីនិកឯកជនរបស់ខ្លួននោះផងដែរ៕