(ភ្នំពេញ)៖ លោក លុយ សុវណ្ណារ័ត្ន ជាអ្នករកស៊ីលក់ដូរគ្រឿងក្រអូប នៅក្នុងផ្សារដើមគរ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រពន្ធ និងកូនស្រី ជាទីស្រឡាញ់របស់គាត់ បានរងគ្រោះដោយសារទឹកអាស៊ីត ជាងមួយឆ្នាំហើយ តែនៅមិនទាន់ ទទួលបានយុត្តិធម៌ ពីតុលាការនៅឡើយទេ។ ការមិនទទួលបានយុត្តិធម៌នេះ ត្រូវបាន លោក សុវណ្ណា រ័ត្ន ប្រាប់ថា ដោយសារតែ ជនល្មើស នៅក្នុងករណីជះទឹកអាស៊ីត ទៅលើប្រពន្ធ និងកូនស្រី របស់លោក មានលុយ មានអំណាច និងមានឯកឧត្តមម្នាក់ ជាអ្នក ជួយជ្រោមជ្រែង នឹងអន្តរាគមន៍ពីខាងក្រោយខ្នង។
ដោយសារតែការរង់ចាំរយៈពេលជិតមួយឆ្នាំហើយ នៅតែមិនទាន់ទទួលបានភាពយុត្តិធម៌ នៅពេលនេះ លោក សុវណ្ណារ័ត្ន ដែលជា អ្នករកស៊ីលក់ដូរ គ្រឿងក្រអូបនៅផ្សារដើមគ សូមអំពាវនាវទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ឲ្យជួយអន្តរាគមន៍ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាពិសេសសូមសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៏ផ្ដល់យុត្តិធម៌។
លោក សុវណ្ណា រ័ត្ន បានប្រាប់ឲ្យដឹងថា ហេតុការណ៍ជះទឹកអាស៊ីតទៅលើប្រពន្ធ និងកូនស្រីរបស់លោកបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងផ្សារទម្លាប់ ក្នុងស្រុកគីរីវង្ស ខេត្តតាកែវ ។ បើតាមការអះអាងពីលោក សុវណ្ណា រ័ត្ន ជម្លោះ ដែលបង្កឡើងនេះ គឺដោយសារតែជនល្មើស ច្រណែនឈ្នានីស ក្នុងការមុខរបររកស៊ី។
ជនរងគ្រោះឈ្មោះ មួង ស្រីមុំ អាយុ៣១ឆ្នាំរងរបួសធ្ងន់នៅលើផ្ទៃមុខ និងដងខ្លួនព្រមទាំងបានរលូតកូនក្នុងផ្ទៃអាយុ២ខែផងដែរ និងកូនស្រីឈ្មោះសុខ ម៉េត ម៉ូលីតា អាយុទើបតែអាយុ២ឆ្នាំក៏បានរងរបួសនៅលើផ្ទៃមុខតែមិនធ្ងន់ធ្ងរទេ។
គួរបញ្ជាក់ថា កន្លងមក លោក លុយសុវណ្ណា រ័ត្នបាន រៀបចំពាក្យបណ្តឹងដាក់ទៅក្រសួងមហាផ្ទៃ និងអង្គការផ្សេងៗមួយចំនួនទៀតដើម្បីឲ្យពួកគាត់ជួយរកយុត្តិធម៌ ។ លោកបន្តថា« ភរិយាខ្ញុំគាត់មានការឈឺចាប់កាន់តែខ្លាំងនៅពេលដែលដឹងថា ជនដៃដល់ចាប់មិនបាន និងឪពុកម្តាយជនសង្ស័យត្រូវបានដោះលែង»។
បច្ចុប្បន្នប្រពន្ធ និងកូនស្រី របស់លោក សុវណ្ណារ័ត្ន នៅតែត្រូវការ ការព្យាបាលជាប្រចាំ ដើម្បីឲ្យបានធូរស្រាលជាងមុន។ លោកបន្តថា ការព្យាបាល ប្រចាំថ្ងៃ គឺមានការចំនាយច្រើន ដូចនេះលោកសូមអំពាវនាវឲ្យសប្បុរសធម៌ ជួយបរិច្ចាគជាថវិកា ក្នុងការជួយព្យាបាល ស្នាមរបួសប្រពន្ធ និងកូន របស់ខ្លួន៕