(សៀមរាប)៖ រថយន្តបោសសម្អាតដី និងលាងថ្នល់មួយគ្រឿងជាអំណោយរបស់ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានប្រគល់ជូនអាជ្ញាធរជាតិអប្សរាជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
លោក លី សាំងឡេង អគ្គនាយកក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានឱ្យដឹងថា លោកពេញចិត្តនឹងអ្វីដែលកំពុងកើតមាននៅរមណីយដ្ឋានអង្គរ ហើយការចូលរួមនេះគឺជាការតបស្នងទៅសង្គមវិញ ក្នុងនាមលោកជាផ្នែកមួយនៃវិស័យឯកជន ដែលបានទទួលផលពីការរីកចម្រើនរបស់ប្រទេសជាតិ ពិសេសកំណើនសេដ្ឋកិច្ចដែលមានរមណីយដ្ឋានអង្គរជាកត្តាជំរុញដ៏សំខាន់។
លោកសង្ឃឹមថា រថយន្តនេះនឹងជួយសម្រួលដល់ការងារសម្អាតបរិស្ថាន ជួយកម្លាំងពលកម្មបានច្រើន ចំណេញពេលវេលា និងជួយជំរុញឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពល្អប្រសើរ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដល់លោកអគ្គនាយក ក្រុមហ៊ុន លី ប្រាឌឺ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍សង្គម ពិសេសបានចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។
លោកថា ទង្វើនេះជាកាយវិការដ៏ថ្លៃថ្លាដែលវិស័យឯកជនបានចូលរួមការថែរក្សាមរតកដូនតា និងធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើនថែមទៀតនាពេលអនាគត៕