(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់សមាជិកអាស៊ាន ក៏ដូចជាប្រទេសនានាលើពិភពលោក ឱ្យចាត់ទុកវ៉ាក់សាំងប្រឆាំងកូវីដជាទំនិញរួមសម្រាប់សកលលោក ដែលប្រជាជនគ្រប់រូបក្នុងសកលលោកអាចទទួលបាន នៅពេលដែលវ៉ាក់សាំងមានជាផ្លូវការ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមប្រព័ន្ធវីដេអូ ដឹកនាំដោយ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ដោយមានការចូលរួមពីបណ្តាមេដឹកនាំអាស៊ានគ្រប់គ្នា ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ ព្រមទាំងពិភាក្សាលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមមេដឹកនាំកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនជូនដល់មេដឹកនាំអាស៊ាន។ ជាទស្សនៈរបស់សម្តេចតេជោ, ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកលលើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល និងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជនគ្រប់រូបក្នុងសកលលោក អាចទទួលបាន»។
បើតាមសម្តេចតេជោ, ប្រទេសសមាជិកទាំងអស់ពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ក្នុងខែមេសាកន្លងទៅ អាស៊ានបានរៀបចំកិច្ចប្រជុំពិសេសស្ដីពីបញ្ហានេះ តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺនេះ។ ជាងនេះទៅទៀត អាស៊ានបានពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការចូលរួមយ៉ាងសកម្មជាមួយដៃគូខាងក្រៅ (External partners) ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិកូវីដ-១៩។
ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការស្តារឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្ដើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៦៩៨,៣០៤នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩០,៩១៦នាក់ និងជាសះស្បើយឡើងវិញ ៥,២៥០,៦៩៨នាក់។
ប្រទេសមហាអំណាច បានដាក់ចេញនូវផែនការស្រាវជ្រាវដើម្បីផលិតវ៉ាក់សាំង ដោយសមិទ្ធផលលេចចេញជាបន្តបន្ទាប់។ ថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវមួយរបស់យោធាចិន បានទទួលការអនុញ្ញាត ឱ្យធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស បន្ទាប់ពីជោគជ័យក្នុងការធ្វើតេស្តលើសត្វនាពេលកន្លងមក។
ទោះជាយ៉ាងនេះក្តី ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) បានលើកឡើងថា ពិភពលោកមិនទាន់មើលឃើញភាពច្បាស់លាស់ណាមួយ នៅក្នុងការបង្កើតវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យបានឆាប់រហ័សនោះឡើយ ប៉ុន្តែវាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផលជាស្ថាពរ៕