(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល មានមហិច្ឆិតានាំមុខគេនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីតាំងលក់រាយ និងធ្វើទំនើបកម្មនៃការទិញទំនិញតាមផ្សារបែបប្រពៃណី មកជាការទិញទំនិញបែបសម័យថ្មីនៅតាមផ្សារទំនើប។
លោក Michael Vong នាយកគ្រប់គ្រងផ្នែកមណ្ឌលផ្សារទំនើបរបស់ ជីប ម៉ុង រីថែល បានលើកឡើងថាប្រជាពលរដ្ឋកម្ពុជាប្រមាណ៧០%និយមទិញទំនិញ និងលក់ដូរតាមផ្សារបែបប្រពៃណី និងមានតែ៣០%ប៉ុណ្ណោះ ដែលងាកមកទិញទំនិញ និងលក់ដូរនៅតាមផ្សារទំនើប។
លោកបានបន្ថែមទៀតថា៖ «ការទិញទំនិញតាមផ្សារបែបប្រពៃណីនេះមានផលលំបាកខ្លះៗ។ អតិថិជនត្រូវចំណាយពេលវេលាយូរ ប្រហែលជា២ទៅ៣ម៉ោងក្នុងមួយថ្ងៃ ដើម្បីទិញបានគ្រប់មុខទំនិញ ដែលពូកគាត់ត្រូវការ។ ហើយតាមដែលយើងបានដឹង ផ្សារបែបប្រពៃណីមិនសូវផ្ដោតសំខាន់ទៅលើអនាម័យប៉ុន្មានទេ»។
លោក Michael Vong បញ្ជាក់ថា ការទិញទំនិញបែបសម័យទំនើបផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់អតិថិជន ដោយសារគ្រប់មុខទំនិញទាំងអស់ស្ថិតនៅក្រោមដំបូលតែមួយ ដែលអតិថិជនអាចចំណាយពេលតិច ទិញទំនិញបានច្រើន និងថែមទាំងមានអនាម័យខ្ពស់ផងដែរ។
លោកបានបន្ដថា៖ «ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនលក់រាយ និងវិនិយោគដោយកូនខ្មែរ ប្ដេជ្ញាវិនិយោគលើមណ្ឌលផ្សារទំនើប និងផ្សារទំនើបជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូននូវការទិញទំនិញគ្រប់បែបយ៉ាងក្នុងតម្លៃសមរម្យ និងការដើរទិញទំនិញប្រកបដោយផាសុកភាពបំផុតជូនពលរដ្ឋកម្ពុជា»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជីប ម៉ុង រីថែល មានគម្រោងមណ្ឌលផ្សារទំនើបចំនួន៦ ដែលក្នុងនោះ មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង មជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធ័រ បានដំណើរការហើយ។ ផ្ទៃក្រឡាសរុបរបស់មណ្ឌលផ្សារទំនើប ជីប ម៉ុង ទាំង៦ ស្មើនឹង១១ភាគរយនៃផ្ទៃក្រឡាសរុប ដែលអាចជួលបានសម្រាប់វិស័យលក់រាយត្រឹមឆ្នាំ២០២២៕