(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតរបស់សម្តេចតេជោបានឲ្យដឹងថា ក្នុងឱកាសដ៏មហោឡារិក នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចសូមសំដែង នូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាភាគីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិ ដែលទាក់ទងនឹងគ្រឿងញៀន កម្ពុជា បានបំពេញកាតព្វកិច្ចយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាមួយនេះ ការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ដែលជាស្មារតីបានកំណត់ឡើង ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៧ ក៏ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ ដើម្បីបន្តពញ្ញាក់ស្មារតី និងដាស់តឿនក្រើន រំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ជាប្រចាំ និងចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ក្នុងឆ្នាំ២០២០នេះ និងក្នុងពេលដែលពិភពលោក បាននឹងកំពុងទទួលរងនូវការរាលស្អាតពីជំងឺកូវីដ-១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» (Better knowledge for better care) ក្នុងគោលបំណងឲ្យជនគ្រប់រូប ចេះរៀនសូត្រ ចេះស្វែងយល់ ឲ្យបានត្រឹមត្រូវពីភាពស្មុគស្មាញនៃបញ្ហាគ្រឿងញៀន ដែលតែងមានការពាក់ព័ន្ធ រវាងបញ្ហាបុគ្គល បញ្ហាគ្រួសារ និងបញ្ហាជាច្រើនទៀតក្នុងសង្គម ដោយរួមទាំងជំងឺកូវីដ-១៩ ផងដែរ។
ម្យ៉ាងវិញទៀត ការស្វែងយល់ និងរកឲ្យឃើញច្បាស់នូវប្រភព នៃបញ្ហាដោយរួមទាំងការយល់ដឹងច្បាស់អំពី តម្រូវការដ៏ចាំបាច់នៃការចូលរួម និងគាំទ្រគ្នាទៅវិញទៅមក រវាង ផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែក សង្គមកិច្ច ក៏ដូចជាការចូលរួម និងគាំទ្រពីសំណាក់ក្រុមគ្រួសារ និងសហគមន៍ ក៏ជាការចាំបាច់ ដើម្បីឲ្យកិច្ចអន្តរាគមន៍ ក្នុងការដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការជួយសង្គ្រោះ និងការថែទាំជនរងគ្រោះដោយសារគ្រឿងញៀន ក៏ដូចជាការបង្ការការ រាលដាលជំងឺកូវីដ-១៩ មានលក្ខណៈ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖