(ភ្នំពេញ)៖ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជ្ជាប់ខ្ជួន ដើម្បីកុំឲ្យកើតមានជំងឺកូវីដ-១៩ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថា មានករណីជំងឺកូវីដ-១៩ កើនដល់ជិត១០លាននាក់ និងមានអ្នកស្លាប់កើនដល់ជិតកន្លះលាននាក់ហើយ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា ចំនួនអ្នកស្លាប់នេះ គឺភាគច្រើនបណ្តាល មកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលើផ្លូវសរីរាង្គផ្លូវដង្ហើមរបស់អ្នកជំងឺ ដោយវីរុសកូវីដ-១៩ ដែលធ្វើឲ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហើម ត្រដរខ្យល់ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហើម និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហើមខ្លួនឯង ហើយដាច់ដង្ហើម និងដាច់ខ្យល់ស្លាប់តែម្តង។
លោកស្រីបានបន្តទៀតថា បើមានស្ថានភាពអាក្រក់បែបនេះ (មានរូបភាពបង្ហាញជាឧទាហរណ៍ភ្ជាប់ជូនមកជាមួយស្រាប់) គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្រ្គោះ ហើយភាគច្រើនលើសលុប គឺមិនអាចជួយសង្គ្រោះបានឡើយ។ ដូច្នេះមានតែកិច្ចការពារកុំឲ្យឆ្លងវីរុសកូវីដ-១៩ នេះទេ ដែលអាចជួយបុគ្គលម្នាក់ៗឲ្យបានរួចចាកផុតពីសភាពវ៉ៃលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ លើសេរីរាង្គផ្លូវដង្ហើមឈានដល់ការបាត់បង់ជីវិតនេះបាន។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំថា «ត្រូវនាំគ្នាបន្តអនុវត្តន៍វិធានការការពារដែលបានដាក់ចេញ ជាពិសេសចៀសវាងកន្លែងប្រមូលផ្តុំគ្នាច្រើន នៅក្នុងកន្លែងបិទជិត ដោយប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ហើយគ្មានខ្យល់ចេញចូល ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ អនាម័យដៃស្អាតជានិច្ច និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង គឺជាការចាំបាច់ដែលត្រូវតែនាំគ្នា អនុវត្តន៍នៅក្នុងដំណាក់កាលទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩នេះ»៕