(ភ្នំពេញ)៖ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១ លានដុល្លារ គាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរួម ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមិថុនានេះ។
តាមសេចក្តីនប្រកាសបានឱ្យដឹងថា ហិរញ្ញប្បទាននេះនឹងប្រើប្រាស់ដើម្បីជួយសម្រាលទាំងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រភ្លាមៗចំពោះជំងឺកូវី៥-១៩ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា និងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺឆ្លង ដោយផ្តោតលើការស្តារឡើងវិញនូវ សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងសមធម៌។
បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រអង្គការសង្គមស៊ីវិលដែលបានធ្វើការផ្តោតលើសិទ្ធិមនុស្ស ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុង ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងប្រទេសកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ប្រមាណជាង ១ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្ថែម៕