(បន្ទាយមានជ័យ)៖ កសិករ និងមន្ត្រីមូលដ្ឋាន បានដង្ហោយហៅសប្បុរសជួយថវិកា និងធនធានសាងសង់បន្តស្ពានបេតុងសហគមន៍មួយកន្លែង នៅចំណុចរហាលសំបុកគ្រៀលនៃទំនប់តាសុន ក្បែរអន្លង់ល្អក់នៃស្ទឹងថ្មពួក ក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពួកគាត់បានសំណូមពរបែបនេះ នៅពេលមន្ត្រីរួមមានលោកស្រី វនួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ, លោក លី សារិ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក និងមន្ត្រីបានទៅពិនិត្យការដ្ឋាន និងសួរសុខទុក្ខក្រុមជាងពលរដ្ឋ និងលោក នង ប៊ុនឈី មេឃុំគោកកឋិន ដែលបាននឹងកំពុងសាងសង់ស្ពានបេតុងនោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ពួកគេបានសំណូមពរដល់សូមអាជ្ញាធរមានសមត្ថកិច្ច សប្បុរសជន ពិសេសឥស្សរជន ថ្នាក់ដឹកនាំមេត្តាចូលរួមវិភាគទានជួយផ្តល់ជាសម្ភារ ថវិកាឧបត្ថម្ភការសាងសង់ស្ពាននេះជាបន្តរហូតរួចរាល់។
មន្ត្រីខាងលើបានលើកទឹកចិត្ត និងគាំទ្រគម្រោងនេះ របស់សហគមន៍ ហើយនាឱកាសនោះ បានរៃអង្គាសថវិកាបានមួយចំនួន សម្រាប់ឧបត្ថម្ភទិញអាហារហូបចុករបស់ក្រុមជាង និងពលរដ្ឋចូលរួមសាងសង់។
លោក វ៉ែន សំអូន មេការនៃក្រុមហ៊ុន យី សារ៉េន សាងសង់ស្ពានថ្នល់លូ និងលោក ខុន ថា ប្រចាំការដ្ឋាន បានឲ្យដឹងថា ស្ពាននេះស្ថាបនាលើទំនប់តាសុនប្រវែង៤.៥គីឡូម៉ែត្រ ដែលភ្ជាប៉ពីភូមិគោកកឋិន, ភូមិទ្រាស ទៅភ្នំព្រះដែលពលរដ្ឋប្រើប្រាស់សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផលស្រូវដំឡូងមី។
ជាងនេះទៅទៀត វាក៏ជួយបញ្ជៀសទឹកជំនន់ កុំឲ្យលិចលង់ដំណាំដំឡូងមី និងដំណាំស្រូវនៅរដូវវស្សា។ លោកបន្តថា មកទល់ពេលនេះ ស្ពានដែលមានប្រវែង៥ម៉ែត្រ គុណ១២ម៉ែត្រ ដែលស្ថាបនាទើបបានប្រមាណ៥០ភាគរយ។
ក្នុងនោះ ព្រះតេជគុណ ប៊ុន បឿន គង់ នៅវត្តបាលីលេយ្យ សរអា បានជួយឧបត្ថម្ភចំនួន៤០០ដុល្លារ។ ក្រៅពីនោះ ជាថវិការៃអង្គាសពីពលរដ្ឋ ក្នុងសហគមន៍។ លោកបន្តថា ស្ពាននេះវាត្រូវការថវិកាប្រមាណ១ម៉ឺនដុល្លារទើបសាងសង់រួច។ ពោលគឺវានៅខ្វះខាតយ៉ាងច្រើននៅឡើយ។ ហើយបច្ចុប្បន្ន ការសាងសង់កំពុងបន្តយ៉ាងមមាញឹក នៅមុនពេលមានភ្ញៀងធ្លាក់ជោគជាំដែលធ្វើលែងបាន៕