(ពោធិ៍សាត់)៖ អធិការនគរបាលស្រុកក្រគរ លោក ឯម រុណ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងរបស់ក្រុមហ៊ុនរស្មីភ្នំពេញ បើកបុករថយន្តនីសាន់ដឹកអង្ករ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ នៅវេលាម៉ោង១២ពាក់កណ្តាលអាធ្រាត្រយប់មិញនោះ អ្នកស្លាប់កើនឡើង៥នាក់ (ប្រុស៣ស្រី) និងរងរបួស១៩នាក់ ក្នុងនោះរបួសធ្ងន់៩នាក់។
បើតាមលោកអធិការបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់ទាំង៥នាក់នោះ ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ ដែលជនរងគ្រោះទាំងនេះជិះនៅលើរថយន្តក្រុង។
លោក ឯម រុណ បានបញ្ជាក់ថា នៅវេលាម៉ោងខាងលើនេះ រថយន្តក្រុងក្រុមហ៊ុនរស្មីភ្នំពេញ បានធ្វើដំណើរពីភ្នំពេញ ទៅទិសខាងលិចលុះដល់ ចំណុចគីឡូម៉ែត្រលេខ១៤៨ និង១៤៩ ស្រាប់តែរថយន្ត បែកកង់ក្រោយបណ្តាលឲ្យរេចង្កូតទៅបុក រថយន្តនីសាន់ដឹកអង្ករ ទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងរហូតមានស្លាប់និងរបួសយ៉ាងដូច្នេះ។
លោកអធិការបានបន្តទៀតថា នៅព្រឹកថ្ងៃដដែលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងជួយអន្តរាគមន៍យករថយន្តចេញ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្តទាំង២នាក់ ក៏រងរបួសធ្ងន់ធ្ងរផងដែរ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នករងរបួសធ្ងន់ស្រាលទាំងនោះ មានជនជាតិថៃ២នាក់ និងជនជាតិវៀតណាម២នាក់ផងដែរ៕