(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃខួបទី២៨ ឆ្នាំ នៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៨- ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook របស់សម្តេចនៅព្រឹកថ្ងៃនេះថា បើទោះបីពេលនោះ (ឆ្នាំ១៩៨៨) ប្រទេសកម្ពុជាគ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ ក៏សម្តេចបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពឲ្យបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបងប្អូនជនភៀសខ្លួន នៅតាមជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ត្រូវតែបញ្ចប់សង្រ្គាម បង្ហូរឈាមខ្មែរ ទោះបីការចរចារពេលនោះជួប និងការលំបាក និងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារ ព្រោះវាល្អប្រសើរ ជាងការប្រយុទ្ឋគ្នាលើសមរភូមិយោធា ដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook នាព្រឹកថ្ងៃនេះ៖
ជនរួមជាតិ និងយុវជនជាទីស្រឡាញ់!
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជម្រាបជូនអំពីព្រឹត្តិការណ៍នៃថ្ងៃប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួននៃការចាប់បដិសន្ឋិសន្តិភាពនៅកម្ពុជា។ ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។ ការចរចារលើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេសបារាំង ដែលបានចេញជាសេចក្តីប្រកាសរួមក្នុងការស្វែងរកសន្តិភាពពិប្រាកដសម្រាប់កម្ពុជា។ កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះករុណា និងអតី សម្តេចព្រះនរោត្តម សីហនុ។
ទោះបីពេលនោះ សាធារណះរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ ក៏ចំពោះរូបខ្ញុំគឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពអោយបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបងប្អូនជនភៀសខ្លួននៅតាមជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ខ្ញុំបានសម្រេចចិត្តថា ត្រូវតែបញ្ចប់សង្រ្គាមបង្ហូរឈាមខ្មែរ ទោះបីការចរចារពេលនោះជួបនិងការលំបាកនិងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារព្រោះវាល្អប្រសើរជាងការប្រយុទ្ឋគ្នាលើសមរភូមិយោធាដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់។
ខ្ញុំបានធ្វើការសម្រេចចិត្តដែលកម្ពុជាបានទទួលផលចំណេញ និងឈ្នះទាំងអស់គ្នាមកទល់សព្វថ្ងៃ។
សុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋកាលពី ២៨ ឆ្នាំមុន និងការស់នៅសព្វថ្ងៃគឺបានបញ្ជាក់ច្បាស់ថា សន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកលូតលាស់ទៅមុខ។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពក្នុងប្រទេសយើងមកទល់សព្វថ្ងៃនេះ៕