(ភ្នំពេញ)៖ Zoho - Cloud Software Suite SaaS Application for Business (www.zoho.com) ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្ម តាមអនឡាញដ៏ធំមួយរបស់ប្រទេសឥណ្ឌា បានផ្តល់សិទ្ធិដល់ក្រុមហ៊ុន Onefit System Co., Ltd របស់កម្ពុជា ដើម្បីនាំយកកម្មវិធីល្អៗដូចជា កម្មវិធីគ្រប់គ្រងផ្នែកលក់ និងទីផ្សារ កម្មវិធីគ្រប់គ្រងគណនេយ្យ កម្មវិធីគ្រប់គ្រងស្តុក កម្មវិធីគ្រប់គ្រងធនធានមនុស្សជាដើម មកបំពេញតម្រូវការដល់ម្ចាស់អាជីវកម្ម ឲ្យទទួលបានលទ្ធផលខ្ពស់ ស្របតាមបរិបទបច្ចេកវិទ្យាជឿនលឿនសព្វថ្ងៃ។
បន្ទាប់ពីយល់ថាអាចបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មបានយ៉ាងល្អប្រសើរនោះ ក្រុមហ៊ុន Onefit System Co., Ltd បានស្នើសុំសិទ្ធិ ពីក្រុមហ៊ុន Zoho នៅឆ្នាំ២០១៩ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនដ៏ធំមួយនេះ មានអតិថិជនជុំវិញពិភពលោកជាង ៥០លាននាក់ និងមានកម្មវិធីច្រើនជាង ៤០កម្មវិធីឯណោះ។ Zoho បានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលកត្តានេះធ្វើឲ្យក្រុមហ៊ុនធំៗនៅអឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា សិង្ហបុរី ថៃ វៀតណាមជាដើម បានយកទៅប្រើប្រាស់ផងដែរ។
លោក Dosich Heng ម្ចាស់អាជីវកម្មនៅកម្ពុជា ដែលជាអ្នកទទួលបានសិទ្ធិពី Zoho បានឲ្យដឹងថា លោកបានកំពុងតែផ្ដោតទៅលើកម្មវិធីគ្រប់គ្រងចំនួន៣ នៅប្រទេសកម្ពុជា ដែលរួមមានកម្មវិធី គ្រប់គ្រងស្តុក (Zoho Inventory) កម្មវិធីគ្រប់គ្រងគណនេយ្យ (Zoho Books) កម្មវិធីគ្រប់គ្រងការលក់ និងទីផ្សារ (Zoho CRM)។
ម្ចាស់អាជីវកម្មរូបនេះ បានបកស្រាយថា៖
* Zoho CRM៖ ជួយដល់អ្នកប្រកបអាជីវកម្មក្នុងការថែរក្សាអតិថិជន ចង់ស្វែងរកអតិថិជនបន្ថែម បង្កើនអតិថិជនឲ្យបានច្រើន និងគ្រប់គ្រងផ្នែកលក់ឲ្យមានប្រសិទ្ធភាពខ្ពស់។
* Zoho Books៖ នេះជាកម្មវិធីសម្រាប់គ្រប់គ្រងគណនេយ្យ ហើយបច្ចុប្បន្នគេអាចរៀបចំវិក័យបត្រតាមទម្រង់អគ្គនាយកដ្ឋានពន្ធដារ របស់ព្រះរាជាណាចក្រកម្ពុជា និងអាចព្រីនវិកយបត្រជាភាសាខ្មែរបាន។
* Zoho Inventory៖ នេះជាកម្មវិធីគ្រប់គ្រងស្តុកទំនិញ ដែលអាចធ្វើការគ្រប់គ្រងឃ្លាំងជាច្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពាក់ព័ន្ធនឹងផលិតកម្ម ក៏កម្មវិធីនេះអាចធ្វើបាន ដែរដូចជារោងម៉ាស៉ីនកិនស្រូវជាដើម។
លោក Dosich Heng បានបញ្ជាក់ថា៖ «ហេតុផលដែលខ្ញុំស្នើសុំសិទ្ធិ Zoho មកស្រុកខ្មែរ ដោយសារពីមុនខ្ញុំធ្លាប់បានស្វែងរក និងប្រើប្រាស់កម្មវិធីគ្រប់គ្រងស្តុក និងកម្មវិធីគ្រប់គ្រងគណនេយ្យហ្នឹងច្រើនណាស់ ប៉ុន្តែកម្មវិធីទាំងអស់នោះមិនបានឆ្លើយតបតាមតម្រូវការទេ។ ក្រោយមក ខ្ញុំក៏ខិតខំស្វែងរកតាម Google Youtube Apple Store រហូតដល់បានរកឃើញ Zoho ហើយខ្ញុំក៏ចាប់អារម្មណ៍ និងចាប់ផ្តើមយកមកប្រើប្រាស់។ ខ្ញុំបានប្រើប្រាស់ប្រហែលជារយៈពេល២ ទៅ ៣ឆ្នាំ រហូតដល់ធ្វើឲ្យខ្ញុំពេញចិត្ត Zoho ជាខ្លាំង។ ម្យ៉ាងវិញទៀត ខ្ញុំបានមើលទៅលើបេសកកម្មដែល Zoho បានកំពុងអនុវត្ត គឺដូចនឹងអ្វីដែលខ្ញុំចូលចិត្ត ហើយ Zoho ថែមទាំងជាក្រុមហ៊ុន ដែលបង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្មបែបឆ្នៃប្រឌិត ដោយធ្វើម៉េចឲ្យងាយស្រួលដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់»។
«ជាពិសេសមួយទៀត អ្នកបង្កើត Zoho គឺជាជនជាតិឥណ្ឌា ដូចដែលយើងដឹងហើយថា ប្រទេសឥណ្ឌាមានការជឿនលឿនផ្នែកបច្ចេកវិទ្យា IT»។ លោក Dosich Heng គូសបញ្ជាក់។
បើតាមលោក Dosich Heng បានបន្តថា លក្ខណៈពិសេសរបស់ Zoho គឺធ្វើការបំបែកជាកញ្ចប់តូចៗឲ្យយើងអាចប្រើប្រាស់បាន ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធទាំងមូល ដែលបណ្ដាលឲ្យមានការចំណាយច្រើន។ លោកបានឲ្យដឹងថា ជួនកាលម្ចាស់អាជីវកម្មខ្លះចង់ប្រើប្រាស់តែខាងគណនេយ្យ ដោយមិនចង់ប្រើប្រាស់ខាងស្តុកទេ អញ្ចឹងគាត់មិនចាំបាច់ចំណាយទៅលើកម្មវិធីគ្រប់គ្រងស្តុកទេ។
លោកបន្ថែមថា បើម្ចាស់អាជីវកម្មចង់ប្រើប្រាស់កញ្ចប់កាន់តែតូច គេក៏អាចបំបែកជូនគាត់តាមតម្រូវការផងដែរ។ ឧទាហរណ៍ Zoho Books មាន៣កញ្ចប់ ហើយម្ចាស់អាជីវកម្មចង់បានកញ្ចប់ណាក៏បាន គ្រាន់តែអាជីវកម្មរបស់គាត់ត្រូវការតូច ឬក៏ធំ។ លក្ខណៈពិសេសមួយទៀត គឺម្ចាស់អាជីវកម្មអាចប្រើប្រាស់លក្ខណៈពិសេសថ្មីៗបានកាន់តែល្អ ខណៈដែលខាង Zoho ស្តាប់មតិរបស់អតិថិជនជានិច្ច ហើយល្បឿននៃកម្មវិធីគ្រប់គ្រងអាជីវកម្មរបស់ Zoho មានស្ថិរភាពជានិច្ចផងដែរ។
ព័ត៌មានលម្អិត៖
* https://www.onefitsystem.com
* [email protected]
* 098 79 99 79 / 095 96 96 99 ៕