(ស្ទឹងត្រែង)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ ទាំងអស់នៅខេត្តស្ទឹងត្រែង។
ពិធីបានប្រព្រឹត្តទៅនៅមុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបភាពពីលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។
លោកស្រី មឹន មាណវី បានលើកឡើងថា គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។
លោកស្រីបានបន្តថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារតែមិនគោរពច្បាប់ចរាចរណ៍ ក្នុងពេលដែលកំពុងប្រើប្រាស់ផ្លូវក្នុងនោះមានករណី ចរាចរណ៍ខ្លះបានបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ដល់អាយុជីវិតជាច្រើន។
ឆ្លៀតក្នុងឪកាសនោះលោកស្រី មឹន មាណវី ក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សមាជិកក្នុងក្រុមគ្រួសារ បងប្អូន និងអ្នកជិតខាងឲ្យនាំគ្នា ចូលរួមគោរពចរាចរណ៍ឲ្យគ្រប់ៗគ្នា។ លោកស្រី បានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាតការពាក់ម៉ាស ការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕