(ឧត្តរមានជ័យ)៖ មេចោរប្លន់អាជីវករលក់មាសនៅផ្សារអន្លង់វែង ដែលសមត្ថកិច្ចចាប់ខ្លួនបាន បន្ទាប់ពីព្យាយាមរត់គេចខ្លួនជាង ១ឆ្នាំ ត្រូវបានបញ្ជូនបន្តទៅឲ្យសាលាដំបូងខេត្ត ឧត្តរមានជ័យហើយនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីចាប់ខ្លួននៅថ្ងៃទី១៨ ខែមករា នៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ឯក ឡឹក សុខា ស្នងការទទួលបន្ទុកព្រហ្មទណ្ឌ នៃស្នងការដ្នាននគរបាលខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថាដោយមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីត្រីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់លោកអធិការស្រុកអន្លង់វែង ចុះសហការជាមួយអធិការស្រុកស្ទឹងត្រង់  និងដោយមានការរួមសហការល្អពីលោកស្នងការ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តកំពង់ចាម និងបានការអនុញ្ញាតិពីលោកព្រះរាជអជ្ញា ទើបឈានដល់ការចាប់ក្រុមចោរប្លន់នេះតែម្តង។

លោក ឡឹក សុខា បានឲ្យដឹងទៀតថា មេចោរប្លន់អាជីវករលក់មាសនៅផ្សារអន្លង់វែង ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ មានឈ្មោះ ណត វុទ្ធី ហៅធីខ្វេ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ក្នុងចំណោមបក្ខពួក៦នាក់ ដែលធ្វើសកម្មភាពប្លន់កាលពីមួយឆ្នាំមុន គឺចាប់បានម្នាក់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ឈ្មោះ សូ ហំ បច្ចុប្បន្នកំពង់ជាប់ពន្ធនាគារខេត្តឧត្តរមានជ័យ។

ផ្អែកតាមចម្លើយសារភាពរបស់មេចោរប្លន់រូបនេះ បាននិយាយថា ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពប្លន់ពិតប្រាកដមែន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ចោរមួយក្រុម បានចូលប្លន់អាជីវករលក់មាសនៅផ្សាអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ការតាមតាបមេចោប្លន់ ដែលព្យាយាមរត់គេចខ្លួនជាង១ឆ្នាំនេះ ចាត់ទុកជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ បើទោះជារយៈពេលយូរយ៉ាងណាក៏មិនរុញរា ហើយនៅព្យាយាមតាមច្បាមយកមេ ចោរមកផ្តន្ទាទោស មិនឲ្យប្រជាពលរដ្ឋអស់សង្ឃឹមនោះឡើយ៕