(កណ្តាល)៖ អភិបាលខេត្តកណ្តាលលោក គង់ សោ ភ័ណ្ឌ បានបញ្ជាឲ្យកងកម្លាំងវរការពារព្រំដែនគោក៦០១ និង៦០៥ (កម្លាំងឈរជើងជាប់ព្រំដែនជាមួយវៀតណាម) បន្តហាមឃាត់ចំពោះការ សាងសង់សំណង់នានានៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់។

លោកអភិបាលខេត្តបានណែនាំឲ្យមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា ព្រមទាំងបន្តយកចិត្តទុកដាក់អនុវត្តបទបញ្ជា ការណែនាំ តួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ពាក់ព័ន្ធការងារនៅតាមព្រំដែន។

លោក គង់ សោភ័ណ្ឌ បានថ្លែងដូច្នេះនៅពេលដែលលោកចុះសំណេះសំណាល សួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពរវាងសាលាខេត្តកណ្ដាល ជាមួយកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេសនៅទីបញ្ជាការ កងការពារព្រំដែនលេខ៦០១នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីបញ្ជាការកងការពារព្រំដែន៦០១ នៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ដោយអនុវត្តតាមសេចក្ដីសម្រេចលេខពិសេស ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន-អង្គភាពស៊ីវិលលោក គង់ សោភ័ណ្ឌ និងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពរវាងសាលាខេត្តកណ្ដាល ជាមួយកងការពារព្រំដែនលេខ៦០១។

ប្រតិភូអមដំណើរដែលបានអញ្ជើញចូលរួមមាន៖ លោក ប៉ោ សេង ទីប្រឹក្សាលោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន ប៉ោ សេង តារា ឯ-ក លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អភិបាលរងខេត្ត ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងកម្លាំងទាំង៣ នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាល អភិបាលរងស្រុក យោធភូមិភាគពិសេស យោធាការពារព្រំដែនលេខ៦០១ វរៈនគបាលការពារព្រំដែនលេខ៦០៥ ប្រធានច្រកទ្វារទាំង៤ សាខាពន្ធដារ សាខាគយ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបកាក្លែងបន្លំ លោក លោកស្រីមេឃុំសរុប ២៦៥ រូប។

នាឱកាសនេះដែរ លោកមេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានសំណូមពរដល់រដ្ឋបាលខេត្ត និងលោកស្រីឧកញ៉ា សៀង ចាន់ហេង ចំនួនពីររួមមាន៖

*សូមរក្សាសម្ព័ន្ធមេត្រីភាព រវាងកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេសជាមួយសាលាខេត្តកណ្ដាល និងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ឱ្យបានចំនួន២ដង ក្នុង១ឆ្នាំ គឺរៀងរាល់៦ខែម្ដង
*សូមជួយធ្វើរបងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ សរុបថវិកា ២៤,៣២០ដុល្លារ។

ចំពោះសំណូមពរទាំងពីរខាងលើលោកអភិបាលខេត្ត បានឯកភាព ព្រមទាំងជួយឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿងដល់កងការពារព្រំដែនបន្ថែមសម្រាប់បំពេញបេសកកម្មផងដែរ។ លោក បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែនបន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទព្រមទាំងការឆ្លងចេញចូលខុសច្បាប់។

ក្នុងឱកាសនោះលោកបានឧបត្ថម្ភដល់អ្នកចូលរួមចំនួន២៦៥នាក់ ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល រីឯកងការពារព្រំដែនលេខ៦០១ ទទួលបាន អង្ករចំនួន១០០បាវ មីចំនួន ១០០កេស ម៉ាស់ចំនួន ៥ ០០០ម៉ាស់។ លោក ប៉ោ សេង បានឧបត្ថម្ភ ថវិកាចំនួន៥,០០០ដុល្លារ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានឧបត្ថម្ភ ថវិកា១០លានរៀល អាវយឺត និងក្រមារមួយចំនួនផងដែរ៕