(ភ្នំពេញ)៖ អាយ៉ៃឆ្លើយឆ្លងរវាងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី ជុំវិញការរិះគន់ទៅលើគ្រូពេទ្យនៅកម្ពុជា ប្រហែលជាដល់ទីបញ្ចប់ហើយ បន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានយល់ព្រមទទួលយកនូវការបកស្រាយ និងពន្យល់របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ខណៈលោក គួច ម៉េងលី បានទទួលស្គាល់ថា នៅកម្ពុជា ក៏មានគ្រូពេទ្យល្អ ច្រើនផងដែរ។
តាមរយៈលិខិតផ្ញើជូនលោក គួច ម៉េងលី នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ការបំភ្លឺរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី អាចជួសជុលបានមួយកម្រិតនូវការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។ តាមរយៈលិខិតនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹមថា ការខូចខាតទាំងនេះ នឹងអាចស្តារឡើងវិញ បានពេញលេញតាមរយៈការបន្តស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព នៃអ្នករួមវិជ្ជាជីវៈ។
គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ក៏បានប្រកាសស្វាគមន៍នូវចេតនារបស់លោកវេជ្ជបណ្ឌិត ក្នុងការចូលរួមចំណែកកែលំអវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។
ការចេញលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បង្ហាញការទទួលយកហេតុផលរបស់លោក គួច ម៉េងលី បានធ្វើឡើងនៅ ក្រោយពេលលោក គួច ម៉េងលី អ្វីដែលលោកបានលើកឡើងតាមបណ្តាញព័ត៌មាន គឺផ្អែកលើការជួបប្រទះផ្ទាល់របស់លោកនូវស្ថានភាពមួយចំនួននាពេលកន្លងមក។ លោក ពុំបានរំពឹងថា ការបកស្រាយពីការជួបប្រទះផ្ទាល់ខ្លួននេះបណ្តាលឲ្យប៉ះពាល់ ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នោះទេ។
ក្នុងលិខិតបកស្រាយនេះ លោក គួច ម៉េងលី បានទទួលស្គាល់ថា មានពេទ្យ ដែលប្រកបអាជីពដោយសមត្ថភាព និង ក្រមសីលធម៌ល្អជាច្រើន ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ៕