(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ហួន ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងពិធីបុណ្យសព នាយឧត្តមសេនីយ៍ ញឹក ហួន នាយឧត្តមសេនីយ៌ កែ គឹមយ៉ាន និងប្រតិភូបានសម្តែងនូវទុក្ខក្រៀមក្រំសោកស្ដាយ ជាទីបំផុតជាមួយ លោកលោកស្រី ហ៊ុន សារិន ត្រូវជាភរិយា កូន កូនប្រសារ និងចៅ របស់សពនាយឧត្តមសេនីយ៍ ញឹក ហួន។
នៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ពិធីដង្ហែសពមន្រ្តីយោធាជាន់ខ្ពស់ ទៅកាន់ឈាបនដ្ឋានវត្តបទុមវត្តី ដើម្បីធ្វើឈាបនកិច្ច និមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយឧត្តមសេនីយ៍ ញឹក ហួន ជាយុទ្ធមិត្តដែលបានស្រឡាញ់ អាយុជីវិតរបស់សម្តេច ជាងអាយុជីវិតរបស់ខ្លួនទៅទៀត ទាំងនៅក្នុងសមរភូមិតស៊ូរំដោះជាតិ និងពេលបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ ញឹក ហួន បានធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ ក្តីតែមិនបានគិតពីស្ថានភាពជំងឺ ដែលឆក់យកជីវិតនោះទេ នៅតែផ្តាំមិត្តភក្តិរួមអាវុធទាំងអស់ ឲ្យការពារសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។
សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា នៅយប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងដើរកាត់ចំការមីនជាប់ព្រំដែន កម្ពុជា-វៀតណាម លោក ញឹក ហួន បានរាវរក និងដោះមីន មុននឹងឱ្យសម្តេចដើរមួយជំហ៊ានម្តងៗ។ នៅពេលនោះគាត់ បាននិយាយថា បើលោកស្លាប់ ក៏ស្លាប់ចុះ ឱ្យតែសម្តេចតេជោ ហ៊ុន សែន នៅរស់ដឹកនាំការតស៊ូរំដោះជាតិ៕