(ចាកាតា)៖ មនុស្សជាង ១.២០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចពីការផ្ទុះភ្នំភ្លើង នៅតំបន់ភាគខាងកើត ប្រទេសឥណ្ឌូនេស៊ី ដែលបានបាញ់កំអ៊ែលផេះ និងឧស្ម័នពុល ទៅកាន់អាកាស នេះបើយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
មន្ត្រីក្នុងតំបន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានចែកនូវម៉ាសការពារឧស្ម័នរាប់ពាន់ ទៅកាន់ក្រុមអ្នកភូមិ ដែលរស់នៅតំបន់ជុំវិញ ភ្នំភ្លើង Egon នៅភាគខាងកើតកោះ Flores ស្របពេលដែលផ្សែង បានបាច់ចេញពីភ្នំភ្លើងកាន់តែខ្លាំង។ ប្រភពខាងលើបន្តថា ប្រជាជនទាំងអស់ ដែលរស់នៅក្នុងរយៈចម្ងាយ៣គីឡូម៉ែត្រ ពីភ្នំភ្លើងត្រូវបានបញ្ជាឲ្យធ្វើការភៀសខ្លួន ហើយផ្លូវនៅជិតតំបន់នោះ ត្រូវបានបិទផងដែរ។ «យើងបាននឹងកំពុងស្ថិតនៅក្នុងការប្រកាសកម្រិតធ្ងន់ ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជម្លៀសប្រជាជនគ្រប់ពេលវេលា» នេះបើតាមលោក Silvanus Tobi មន្ត្រីកាត់បន្ថយការប៉ះពាល់គ្រោះមហន្តរាយ បានឲ្យដឹងយ៉ាងដូច្នេះ។
ភ្នំភ្លើង Egon បានចាប់ផ្តើមឲ្យសញ្ញាផ្ទុះ តាំងពីខែមុន ប៉ុន្តែវាបានមានសកម្មភាពកាន់តែខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទើបធ្វើឲ្យមានការជម្លៀសប្រជាជន ចេញពីផ្ទះរបស់ពួកគេ។
គួររំលឹកថា នៅអំឡុងការផ្ទុះលើកមុន ក្នុងឆ្នាំ២០០៨ ភ្នំភ្លើង Egon បានបង្កជាផ្សែង និងកម្ទេចកម្ទីផេះ ជិត៦គីឡូម៉ែត្រ ទៅកាន់បរិយាកាស ហើយវាគឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើង១២៩ ដែលមានសកម្មភាព នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕