(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានជួបសំណេះសំណាល និងពិភាក្សារកដំណោះស្រាយបន្ទាន់មួយ ជូនប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ ដែលរងគ្រោះដោយសារដីធ្លី ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពីទទួលបានការដឹកនាំចង្អុលបង្ហាញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំរវាងរដ្ឋបាលខណ្ឌឫស្សីកែវ និងប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លី ទាំង៦៥គ្រួសារ ដើម្បីរកដំណោះស្រាយនេះ ក៏មានការចូលរួមពីលោក លីន ញ៉ក់ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ២រូបទៀតផងដែរ ដែលចាប់ផ្ដើមឡើងនៅសាលប្រជុំសាលាខណ្ឌ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំរកដំណោះស្រាយនេះ តាមរយៈលោក ប្រាជ្ញ សីហា, លោក លីន ញ៉ក់, និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ទាំង៣រូប តំណាងលោក ជា ពិសី អភិបាលខណ្ឌ, ប្រជាពលរដ្ឋរងគ្រោះ ទាំង៦៥គ្រួសារ មានដីទំហ៊ំ ១០ម៉ែត្រគុណ៣០ម៉ែត្រ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ហើយមិនទាន់អាចចូលទៅរស់នៅបាន ពេលនេះពួកគាត់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពីសម្ដេច បានរៀបចំឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យរៀបចំរកដំណោះស្រាយជូន ក្នុងការចូលរស់នៅស្របច្បាប់នៅពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ប្រើកម្លាំងចម្រុះជាង១៥០នាក់ និងគ្រឿងចក្រ៥គ្រឿង ទៅឈូសឆាយ និងវាយកម្ទេចសំណង់របងថ្ម និងឃ្លាំងមួយចំនួនក្នុងគោលបំណងរកឲ្យឃើញអ្នករស់នៅពុំស្របច្បាប់មានប៉ុន្មាន និងអ្នករស់នៅស្របច្បាប់មានប៉ុន្មាន ដើម្បីឈានទៅបញ្ចប់ទំនាស់ជាយូរឆ្នាំ ក្នុងការបែងចែកជាដីឡូត៌ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦៥គ្រួសារ ស្ថិតនៅតំបន់អភិវឌ្ឍន៌ឫស្សីកែវ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា។

លោក ប្រាជ្ញ សីហា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌឬស្សីកែវ លោក ហាស់ កំសាន្ត ថា «សកម្មភាពវាយកម្ទេចសំណង់របងថ្ម និងឃ្លាំងមួយចំនួននាព្រឹកនេះ ក្នុងគោលបំណងរុះរើសំណង់មិនរៀបរយចេញទាំងអស់ ហើយចាប់ផ្ដើមពុះជាដីឡូត៌ទៅតាមប្លង់គោលដែលមានតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រាប់បែងចែកឲ្យបងប្អូនប្រជាពលរដ្ឋ៦៥គ្រួសារ ដែលទទួលបានការសណ្ដោសប្រណីពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»

បន្ថែមពីនេះ លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា បានសំណូមពរដល់សាធារណៈមតិមួយចំនួន កុំមានការយល់ច្រឡំថា អាជ្ញាធរមកវាយកម្ទេចសំណង់របងថ្ម ឫសំណង់ឃ្លាំងនេះ គឺជាការបំពាន ព្រោះការពិតដីរបង និងឃ្លាំងមួយចំនួនធំបានសាងសង់លើតំបន់អភិវឌ្ឍន៌ឫស្សីកែវ ដែលឈ្មួញទិញលក់ៗតៗគ្នា និងមួយចំនួនទៀត ក៏មានការចូលរស់នៅត្រឹមត្រូវ ដោយមានការទទួលស្គាល់ ពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលរាជធានីភ្នំពេញ ហើយមួយចំនួនធំផ្សេងទៀត បានចូលរស់នៅដោយខុសច្បាប់។

ដូច្នេះដើម្បីឲ្យដឹងច្បាស់ថា អ្នករស់នៅខុសច្បាប់មានចំនួនប៉ុន្មាន? ហើយអ្នករស់នៅស្របច្បាប់មានចំនួនប៉ុន្មាន? ទាល់តែសម្រេចរំលាយសំណង់របង និងឃ្លាំងចោលទាំងអស់ ដើម្បីដាក់ម៉ាស៉ីន កំណត់វាស់វែង ទាំងផ្លូវ និងបែងចែកជាដីឡូត៌ដែលមានទំហំ ១០ម៉ែត្រ គុណ៣០ម៉ែត្រ ទៅតាមប្លង់មេ ដោយប្រើប្រាស់គ្រឿងចក្រចំនួន៥គ្រឿង និងកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចំនួនជាង១៥០នាក់ (មន្ត្រីការិយាល័យជុំនាញ-ប៉ូលីស-អាវុធហត្ថ-ប្រជាការពារ)៕