(ភ្នំពេញ)៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជិត២,០០០នាក់ បានមកប្រើប្រាស់សេវាសុខភាព នៅមន្ទីរពេទ្យ «ស្ដ្រីនគរទេព» ដែលជាមន្ទីរពេទ្យ ផ្ដល់ការព្យាបាលជំងឺទូទៅ និងរោគស្ដ្រី មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រីវេជ្ជបណ្ឌិត ទួន សុវណ្ណា ទីប្រឹក្សាប្រធានផ្នែកប្រតិបត្តិ នៃមន្ទីរពេទ្យ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំនេះ ប្រជាពលរដ្ឋជិត២,០០០នាក់ បានមកប្រើប្រាស់សេវាសុខភាពនៅទីនេះ ហើយមន្ទីរពេទ្យ បានពិនិត្យ និងព្យាបាលជាង៤០០០ករណី។
លោកស្រីវេជ្ជបណ្ឌិត ទួន សុវណ្ណា បានបន្ថែមទៀតថា មន្ទីរពេទ្យ «ស្ដ្រីនគរទេព» ដំណើរការ បានរយៈពេល១ឆ្នាំមែនពិត តែមន្ទីរពេទ្យ មានធនធានមនុស្ស ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចជាប្រទេស បារាំង ស្វីស និងប៉ែកខាងអឺរុបផ្សេងទៀតជាដើម។
លើសពីនោះទៀត លោកស្រីវេជ្ជបណ្ឌិត ទួន សុវណ្ណា បានបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ មន្ទីរពេទ្យ នឹងបើកសេវាផ្នែកសម្ភព, ផ្នែកវះកាត់ រោគស្ត្រី និងផ្នែកសង្គ្រោះបន្ទាន់ បន្ថែមទៅលើសេវាកម្មដែលកំពុងផ្តល់ជូនស្រាប់ គឺសេវាពិនិត្យថែទាំផ្ទៃពោះមុន សម្រាល និងថែទាំក្រោយសម្រាលផងដែរ។
គូសបញ្ជាក់ថា ដើម្បីអបអរខួប១ឆ្នាំនេះ មន្ទីរពេទ្យ «ស្ត្រីនគរទេព» នឹងផ្ដល់ជម្រើសជូនស្ត្រី នូវកញ្ចប់ពិនិត្យសុខភាព ក្នុងតម្លៃពិសេសចំនួន៣គឺ៖
១៖ កញ្ចប់ពិនិត្យសុខភាពទូទៅ ៤៥ដុល្លារ៖ រួមមានពីការពិគ្រោះជំងឺ ជាមួយវេជ្ជបណ្ឌិត ពិនិត្យសុដន់ ថតសួត អេកូ ពោះ និងធ្វើតេស្តនៅមន្ទីរ ពិសោធន៍ពាក់ព័ន្ធ នឹងជំងឺទូទៅ។
២៖ កញ្ចប់ពិនិត្យរោគស្ដ្រី ៥៦ដុល្លារ៖ រួមមាន ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត អេកូពោះ ពិនិត្យសុដន់ ពិនិត្យអាងត្រគាក ពិនិត្យកោសិកាមាត់ស្បូន រកជំងឺមហារីក និងពិនិត្យ ឈាមរកជំងឺកាមរោគ
៣៖ កញ្ចប់ពិនិត្យសុខ ភាពស្ត្រីពេញលេញ ១៣៥ដុល្លារ៖ រួមមាន ការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ធ្វើតេស្តឈាមជាច្រើនមុខ ពិនិត្យសុដន់ដោយម៉ាស៊ីន អេកូសាស្ត្រ និង Mammogram (ចំពោះស្ត្រី អាយុលើសពី៣៥ឆ្នាំ) និងវាស់ចង្វាក់បេះដូង (ECG)។
កញ្ចប់ពិសេសទាំង៣នេះ រួមមាន៖ ទាំងការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតចំនួន២ដង បន្ថែមទៀត ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០៕