(ភ្នំពេញ)៖ ការលើកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ និងការផ្សព្វផ្សាយ អប់រំច្បាប់ ព្រមទាំងសារប្រយោជន៍ ចំពោះការអភិរក្សធនធានធម្មជាតិ និងសត្វ នឹងអាចកាត់ផ្តាច់ការបរបាញ់សត្វព្រៃ និងបទល្មើធនធានធម្មជាតិ។
នេះជាលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសទទួលសត្វអណ្តើកហ្លួងចំនួន២ក្បាល ពីប្រជាពលរដ្ឋ នៅទីស្តីការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «សកម្មភាពការជួញដូរសត្វព្រៃឃើញនៅតែកើតមាន ទោះបីជាមន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងអនុវត្តច្បាប់ ផ្សព្វផ្សាយ អប់រំយ៉ាងណាក៏ដោយ ហើយអ្វីដែលជាបញ្ហាសំខាន់ គឺទី១៖ កត្តាជីវភាពរបស់ប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិវាជាចំណុចមួយ ដែលចោទឡើង បច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន កំពុងតែធ្វើការងារពង្រឹងទៅលើជីវភាព របស់ប្រជាសហគមន៍នៅតំបន់ហ្នឹង ដើម្បីកាត់ផ្តាច់ការពឹងលើមុខរបរកាប់ព្រៃ និងបរបាញ់សត្វព្រៃ»។
ប៉ុន្តែទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បញ្ហាដែលនៅប្រឈមមុខនាពេលនេះ គឺប្រជាពលរដ្ឋនៅតែបន្តលួច ចូលទៅក្នុងព្រៃដោយបង្កប់អន្ទាក់ ហើយអន្ទាក់ទាំងនោះកាន់តែទំនើបទៀត គឺប្រើអន្ទាក់ឆក់ រាយក្នុងព្រៃដាក់កាត់មុខផ្លូវសត្វចេញចូល។
លោកថា «បើសិនគ្មានតម្រូវការទីផ្សារ បើសិនប្រជាពលរដ្ឋឈប់បរិភោគសាច់សត្វព្រៃនោះខ្ញុំជឿថា ជនមួយចំនួន ព្រានព្រៃមួយចំនួននឹងមិនទៅបរបាញ់ សត្វព្រៃទៀតនោះទេ ក៏ប៉ុន្តែនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមួយចំនួន ជាពិសេសនៅតំបន់ទេសចរណ៍ធម្មជាតិ តែងតែមានការលួចលាក់លក់ សាច់សត្វធ្វើជាម្ហូបអាហារ»។
ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ ការបរបាញ់សត្វព្រៃនេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ការនិយមបរិភោគម្ហូប ដែលធ្វើពីសត្វព្រៃនេះហើយ ជាការជំរុញឱ្យព្រានព្រៃបន្តសកម្មភាព ចូលបរបាញ់សត្វព្រៃនៅតាមតំបន់អភិរក្សផ្សេងៗ នៅក្នុងដែនជម្រកក្នុងប្រទេសកម្ពុជា។ ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋស្រឡាញ់សត្វព្រៃ ចូលចិត្តសត្វព្រៃ ស្រឡាញ់ធនធានធម្មជាតិ ជាពិសេសការពារសត្វព្រៃ និងកុំបរិភោគសាច់សត្វព្រៃ បដិសេធទទួលទានម្ហូបដែលចម្អិនពីសាច់ព្រៃ និងចូលរួមរាយការណ៍ ចំពោះជនទាំងណាដែលបានប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប ទប់ស្កាត់ ដើម្បីការពារធនធានធម្មជាតិ របស់យើងទាំងអស់គ្នា។
លោក នេត្រ ភក្ត្រា បានបង្ហាញក្តីរំភើបថា កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសសំបូរទៅដោយជីវៈចម្រុះ ដែលមានប្រភេទសត្វកម្រជាច្រើន កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចជា អណ្តើកហ្លួង សត្វត្រយ៉ង ខេត្តក្រៀល ខេត្តត្មាត ខេត្តខ្សឹម ឬក្ងោកទេព ព្រមទាំងសត្វកម្រផ្សេងៗទៀតជាដើម។
ក្នុងនាមក្រសួងបរិស្ថាន និងលោករដ្ឋម ន្ត្រី សាយ សំអាល់, លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំបរិភោគសាច់សត្វព្រៃ សូមរាយការណ៍ចំពោះបទល្មើសសត្វព្រៃ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមការពារតាមរយៈទិញ ជួញដូរសត្វព្រៃ ជាដើម។
លោក នេត្រ ភក្ត្រា បានបន្ថែមទៀតថា សម្រាប់អ្នកប្រព្រឹត្តបទល្មើសសត្វព្រៃ កម្ពុជាមានច្បាប់នេះរួចហើយ ជាពិសេសត្រូវបានបន្តពង្រឹងបន្ថែមទៀត ទៅលើអ្នកប្រព្រឹត្តបទល្មើសសត្វព្រៃខុសច្បាប់ បន្ថែមពីនេះក្រសួងនឹងខិតខំផ្សព្វផ្សាយអប់រំ ច្បាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
គួរជម្រាបថា រយៈពេល៤ខែដើមឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២៣៣៣ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ករណី មានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤នាក់ អនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។
ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧០៧៨ លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៧.២លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២,៣៣៣ករណី។
ក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ខែនេះ មន្ត្រី ឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹប អូសម៉ូតូដែលជាមធ្យោបាយ ប្រព្រឹត្តបទល្មើសបានចំនួន ១២៦គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣គ្រឿង និងដោះអន្ទាក់ដែលជាឃាតក លាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម៕