(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងជំរុញមន្ត្រីជំនាញពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីអាចប្រើប្រាស់ និងទាញយកប្រយោជន៍ ពីដីធ្លីឲ្យអស់សក្តានុពល ជាពិសេសកាត់បន្ថយបញ្ហាវិវាទដីធ្លីផងដែរ។
លោក ជាវ តាយ បានថ្លែងជំរុញបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ខណ:ដែលលោក និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តចុះចែកបណ្ណកម្មសិទ្ធិ ចំនួន១៣៧២បណ្ណ ជូនដល់ប្រជាពលរដ្ឋ ៧០០គ្រួសារ មកពី២៣ភូមិ ក្នុងឃុំចំនួន៥ របស់ស្រុកដងទង់ ក្នុងបរិវេណសាលាស្រុក ដោយមានមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋជាច្រើននាក់។
លោកអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងស្រឡាញ់ប្រជាពលរដ្ឋ គឺប្រមុខរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ដីធ្លី ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចុះវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងដីដែលប្រជាពលរដ្ឋ កាន់កាប់ជាក់ស្តែង ហើយពុំទាន់មានមូលដ្ឋានច្បាស់លាស់។
លោកអភិបាលបន្តថា ប័ណ្ណកម្មសិទ្ធិដីធ្លីពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី គឺធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំ ចំពោះមុខច្បាប់ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើង។ សន្លឹកប័ណ្ណនេះ ក៏អាចដាក់ធានានៅធនាគារ ដើម្បីយកថវិកាមកពង្រីកមុខរបរ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង និងនាំឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារផងដែរ។
លោក ជាវ តាយ បានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មន្ទីរសម្រេចលទ្ធផលបាន៖ ប្រកាសតំបន់វិនិច្ឆ័យ ៣៤៧ភូមិ ក្នុង៦៧ឃុំ, ប្រមូលទិន្ន័យបានជាង៥២ម៉ឺនក្បាល់ដី, គូសក្បាលដីក្នុងកុំព្យូទ័របានជាង៥០ម៉ឺនក្បាលដី, បិទផ្សាយទិន្ន័យជាសាធារណៈបានជាង៤៧ម៉ឺនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិបាន៤៦ម៉ឺនក្បាលដី។
តាមការប៉ាន់ស្មានខេត្តកំពត នៅសល់ផ្ទៃដី ប្រមាណ៣០ភាគរយទៀត ដែលនៅមិនទាន់បានវាស់វែងនៅឡើយ។ ដូច្នេះលោកអភិបាលខេត្តបានជំរុញឲ្យមន្ត្រីជំនាញ និងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នា អនុវត្តការងារចុះបញ្ជីដីធ្លី ឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីប្រគល់ប័ណ្ណជូន ដល់ប្រជាពលរដ្ឋជាម្ចាស់ដីឲ្យមានភាពក្ដីកក់ក្ដៅក្នុងចិត្ត ព្រមទាំងអាចទាញយកប្រយោជន៍ពីដីធ្លី របស់ខ្លួនឲ្យអស់សកត្តានុពល។
ក្រោយពីបញ្ចប់ពិធីចែកប័ណ្ណកម្មសិទ្ធិនោះ លោមអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានបន្តដំណើរចុះពិនិត្យស្ថានភាព និងវាយតម្លៃស្ពានឈើទ្រុឌទ្រោមមួយ កន្លែងនៅភូមិខ្ជាយខាងកើត ឃុំទទុង ស្រុកដងទង់ ដើម្បីសាងសង់ថ្មី ជូនប្រជាពលរដ្ឋប្រើប្រាស់៕