(សៀមរាប)៖ សាកលវិទ្យាល័យបាត់ដំបង បានសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (Accreditation Committee of Cambodia-ACC) អគ្គនាយកដ្ឋានឧត្តមសិក្សា ក្នុងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី០១ ស្តីពី «ការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ (Self-Assessment Report-SAR) របស់សាកលវិទ្យាល័យបាត់ដំបង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែ មិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
សិក្ខាសាលានេះ ស្ថិតក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។ គ្រូឧទ្ទេសចំនួនបី រូបដែលបានអញ្ជើញមកពី អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) រួមមាន៖ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា លោក ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដា និងលោក ទេព នាវា អនុប្រធាននាយកដ្ឋានស្តង់ដា និងប្រធានមន្រ្តីវាយតម្លៃគុណភាពអប់រំវ័យក្មេងអាស៊ាន។
សិក្ខាសាលានេះមានគោលបំណងក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងកសាងសមត្ថភាពរបស់មន្រ្តីគ្រប់គ្រង និងមន្រ្តីវាយតម្លៃរបស់សាកលវិទ្យាល័យបាត់ដំបង។ លើសពីនេះទៅទៀត សិក្ខាសាលានេះ មានគោលបំណងបញ្ច្រាបចំណេះដឹងបន្ថែម អំពីស្តង់ដាគុណភាពទាំង៩ សូចនាករទាំង៧៣ភស្តុតាង វិធីសាស្រ្តប្រមូលទិន្នន័យ និងដើម្បីចែករំលែកបទពិសោធន៍ ដល់មន្រ្តីពាក់ព័ន្ធរបស់សាកលវិទ្យាល័យបាត់ដំបង ក្នុងការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ (SAR)។
សាកលវិទ្យាល័យបាត់ដំបង នឹងផ្ញើរបាយការណ៍ស្វ័យវាយតម្លៃ (SAR) លើការអនុវត្តស្តង់ដាជាតិ ដើម្បីសុំការវាយតម្លៃពីគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៅឆ្នាំក្រោយ និងបញ្ជូលរបាយការណ៍អនុសាសន៍ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជូនក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបាត់ដំបងក្នុងឆ្នាំ ២០២១។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានថ្លែងថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹងជាមូលដ្ឋាន និងធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ (SAR) ប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតាមនឹងផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យបាត់ដំបង និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
លោកស្រីសាកលវិទ្យាធិការ ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន លោកបណ្ឌិត រស់ សុវាចា អគ្គលេខាធិការនៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលបានអនុញ្ញាតបញ្ជូន គ្រូឧទ្ទេសមកធ្វើបទបង្ហាញ និងលោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគម្រោងកែលម្អការអប់រំឧត្តមសិក្សា។
សូមរំលឹកផងដែរថា ដើម្បីការការពារសុវត្តិភាពជំងឺកូវីត១៩ សាកលវិទ្យាល័យបាត់ដំបងបានរៀបចំវាស់កំដៅ លាងដៃនឹងអាល់កុល ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាព ដល់បុគ្គលិកអប់រំជាសិក្ខាកាម ដែលបានចូលរួមស្របតាមនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលផងដែរ៕