(រតនគិរី)៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រតនគិរី និង ស.ស.យ.ក ខេត្ត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះបានបើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលធ្វើឡើងនៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។
យុទ្ធនាការផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីលោក យឹម ផែន អភិបាលរងខេត្ត ព្រមទាំងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក យឹម ផែន បានលើកឡើងថា ការរៀបចំប្រារព្ធយុទ្ធនាការនេះ គឺសំដៅពញ្ញាក់ស្មារតីប្រជាពលរដ្ឋជាពិសេសអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ឲ្យមានការ ភ្ញាក់រលឹក ផ្លាស់ប្ដូរឥរិយាបថមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យចុះមកកម្រិតទាបបំផុត ព្រោះថាកត្តាមនុស្ស, កត្តាមធ្យោបាយគ្រាន់តែជាកត្តារួមផ្សំតែប៉ុណ្ណោះ, កត្តាសំខាន់ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះគឺខ្លួនយើង ដូច្នេះត្រូវចេះគោរព ខ្លួនឯង ត្រូវកំណត់អ្វីដែលត្រូវធ្វើនិងអ្វីមិនគួរធ្វើ។
លោកស្រី មឹន មាណវី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវគោកត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារ អាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ គោលបំណងនៃការចុះអប់រំ ផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់និងចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។
លោកស្រីបន្តថា ក្នុងយុទ្ធនាការនេះមានការរៀបចំជាកម្មវិធីឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាព និងឱ្យយុវជនរៀនប្រើប្រាស់ កម្មវិធីអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការរៀនសូត្រអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួន ព្រមទាំងការចែកជូនមួកសុវត្ថិភាព និងឯកសារមួយចំនួនដូចជា សៀវភៅច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក សៀវភៅដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាតផងដែរ។
ក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរិមា នូវកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវ វិធានការសំខាន់ៗចំនួន៧ចំណុចផងដែរ៕