(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងប្រាប់បណ្តាញព័ត៌មា ន Fresh News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះថា ការចុះហត្ថលេខានេះបញ្ជាក់ថា ផែនការមេរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវការ បទបញ្ញាតិ និងបទដ្ឋានគតិយុត្តិដែលបានតម្រូវ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ លោករដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ ក៏បានប្រគល់ វិញ្ញាបនបត្រទទួលស្គាល់ផែនការមេ (Certificate of Acceptance) កម្រិតបច្ចេកទេស សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដល់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះផងដែរ។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តជាតិអង្គរថ្មី មានឈ្មោះថា Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន ក្នុងទឹកប្រាក់៨៨០លានដុល្លារ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១៧០០ហិកតា។
ទម្រង់វិនិយោគនៃព្រលានយន្តហោះនេះ គឺ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» រយៈពេលសម្បទានសរុបចំនួន៥៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិ ថ្មី (greenfield) លើផ្ទៃដីទំហំ ៧០០.០៦ ហិកតា និងការកសាងតំបន់សេដ្ឋកិច្ចពិសេសរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មីដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City» ដែលមានទំហំដី១០០០ហិកតា។
ក្រុមហ៊ុនចាប់ផ្តើមដំណើរការសាងសង់ព្រលានយន្តថ្មីនេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់សរុបចំនួន៣៦ខែ (៣ឆ្នាំ)៕