(ភ្នំពេញ)៖ ឧរង្គសត្វថ្នាក់ល្មូន នាមជាអណ្តើកហ្លួង ឬអណ្តើកសរសៃ មានប្រវត្តិការពារដោយព្រះរាជក្រឹត្យ និងបានចាត់ទុកជាសម្បត្តិ រាជវង្សរបស់កម្ពុជា បានបង្ហាញនៃការកើនវត្តមានឡើងដល់ជិត៥០០ក្បាល ក្រោយពីអង្គការសមាគមអភិរក្សសត្វព្រៃ Wildlife Conservation Society (WCS) និងរដ្ឋបាលជលផលកម្ពុជា បានរកឃើញពពួកសត្វអណ្តើកនេះឡើងវិញ នៅស្ទឹងស្រែអំបិល ក្នុងទឹកដីខេត្តកោះកុង។
នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញទទួលសត្វអណ្តើកហ្លូងចំនួនពីក្បាល ពីប្រជាពលរដ្ឋដែលបានទិញពីអ្នកនេសាទ នៅខេត្តកោះកុង ដើម្បីប្រគល់ឱ្យក្រសួង និងអង្គការ WSC ព្រលែងចូលក្នុងដែនជម្រកអភិរក្សធម្មជាតិវិញ។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ប្រទេសកម្ពុជា បាននឹងកំពុងតែបង្កើនចំនួននៃសត្វអណ្តើកហ្លួង ឬអណ្តើកសរសៃ តាមរយៈគម្រោងអភិរក្សរបស់អង្គការ WCS ដើម្បីបង្កើនចំនួនប្រជាជនសត្វអណ្តើកហ្លួង ឱ្យបានកាន់តែច្រើនបន្ថែមទៀត ពីព្រោះអណ្តើកនេះ ជាតំណាងឱ្យជាតិកម្ពុជារបស់យើង»។
លោក នេត្រ ភក្ត្រា បានបន្តថា ការរក្សា និងការអភិរក្សជីវៈចម្រុះ ជាពិសេសប្រភេទពូជសត្វព្រៃកម្រ បានធ្វើឱ្យប្រទេសកម្ពុជា កាន់តែសំបូរបែបទៀត ជាពិសេសតាមរយៈការពារប្រភេទសត្វកម្រនេះ ហើយទើបធ្វើឱ្យកម្ពុជា អាចទាញសេដ្ឋកិច្ចតាមរយៈទេសចរណ៍ធម្មជាតិ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា សំបូរទៅដោយជីវៈចម្រុះ ហើយប្រភេទសត្វមួយចំនួន ដែលជិតផុតពូជនៅលើពិភពលោក គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាស្តែងពូជសត្វអណ្តើកហ្លួងនេះ បើនិយាយពីប្រទេសនៅជិតខាងកម្ពុជា ដូចជាប្រទេសថៃ, វៀតណាម គឺបានផុតពូជហើយ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វអណ្តើកហ្លួង ជាប្រភេទសត្វអណ្តើកជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងចំណោមពូជសត្វអណ្តើក ជិតប្រភេទនៅលើពិភពលោក ខណៈពូជសត្វអណ្តើកជាង ៣០០ប្រភេទឯណោះ។ ដោយឡែកបសត្វអណ្តើកហ្លួងនេះ មានការផ្សារភ្ជាប់ជាមួយនឹងព្រះមហាក្សត្រ ហើយវាត្រូវបានគេជឿថា បានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ ឆ្នាំ២០០០ នៅពេលដែលក្រុមអ្នកជំនាញមួយ ក្រុមមកពីអង្គការ Wildlife Conservation Society (WCS) និងរដ្ឋបាលជលផលកម្ពុជា បានរកឃើញពពួកសត្វអណ្តើកនេះឡើងវិញ នៅស្ទឹងស្រែអំបិលនៅខេត្តកោះកុង។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា តាំងពីឆ្នាំ២០០២ មកដល់ឆ្នាំ២០២០ កន្លែងពងកូនរបស់សត្វអណ្តើកហ្លួង មានចំនួន៤៣សំបុក មានពងចំនួន៦៧៨ពង និងបានញាស់កូនចំនួន៤៥០កូន។ ជាពិសេសមន្ត្រីជំនាញរបស់អង្គការ WSC បានរៀបចំការចិញ្ចឹមកូនអណ្តើកនេះ នៅក្នុងមណ្ឌលអភិរក្ស សត្វល្មូននៅក្នុងខេត្តកោះកុង។ ដោយឡែកនៅឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ អង្គការបានព្រលែងសត្វអណ្តើកនេះចំនួន៨៦ក្បាល ក្នុងព្រែកធម្មជាតិ។
បើតាមលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានថ្លែងថា អណ្តើកហ្លួងនឹងបញ្ជូន ទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។
អ្នកជំនាញរូបនេះបានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថាអណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។
អណ្ដើកហ្លួងធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងប្រទេសកម្ពុជា។
មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានឱ្យដឹងថា បច្ចុប្បន្នកូនអណ្តើកហ្លួងចំនួន៤៥០ក្បាល បានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូន ក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន ៨៦ក្បាលទៀត ត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។
អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។
អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំង ដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ។
តាមឯកសារបង្ហាញថា អណ្តើកហ្លួង គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាម រយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
ក្នុងឯកសារក៏បញ្ជាក់ដែរថា «ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូបតំណាងឱ្យជាតិនោះ គឺដោយសារតែអណ្តើកហ្លួង ជាប្រភេទ សត្វដ៏កម្រ និងជាសត្វប្រឈមនឹងការប្រមាញ់ស្ទើរតែផុតពូជ។ មិនតែប៉ុណ្ណោះ ដើម្បីចង់បង្ហាញពីមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិផងដែរ»៕