(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ ផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩នេះ តទៅទៀត ប្រសិនបើផលប៉ះពាល់ជំងឺនេះនៅតែបន្តអូសបន្លាយ មិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមមនេះនឹងត្រូវអនុវត្តក្នុងជុំថ្មីបន្តទៀត សម្រាប់រយៈពេល២ខែ។
ការឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចបានអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩នេះ តទៅទៀត ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ មិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមមនេះនឹងត្រូវអនុវត្តក្នុងជុំថ្មីបន្តទៀត សម្រាប់រយៈពេល២ខែ។ ក៏ប៉ុន្តែ បើផលប៉ះពាល់នៃជំងឺនេះ បានធូរស្បើយរាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ នឹងបង្វែថវិកាទៅវិនិយោគលើកិច្ចការងារចាំបាច់នានា ដើម្បីស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធស្វែងរកអ្នករងផលប៉ះពាល់ពីជំងឺកូវីដ១៩បន្ថែមទៀត។ ដោយឡែកប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។
បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា បច្ចុប្បន្ន គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ប៊ីលានរៀល ឬប្រមាណ ២៥លានដុល្លារ ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថា កម្មវិធីជំនួយសង្គមមិនជាកម្មវិធីដែលមានលក្ខណៈជាអចិន្ត្រៃយ៍នោះទេ រាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើងសម្រាប់ផ្តល់ជំនួយនៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ដោយការបើកផ្តល់នឹងត្រូវធ្វើឡើងក្នុងរយៈពេល២ខែម្តង នៅជុំទី១ នឹងត្រូវធ្វើឡើងក្នុងខែមិថុនា ១លើក និងខែកក្កដា ១លើក។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃបណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចដែលថា កម្មវិធីផ្តល់ប្រាក់ជូនដល់គ្រួសារក្រីក្រ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយរៀបចំសម្របសម្រួលដោះស្រាយការលំបាករបស់ប្រជាជនក្នុងរយៈពេលដែលប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែក៏ត្រូវតែចៀសវាងឱ្យបានផងដែលនូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីដែលគិតគូរពីសុខទុក្ខរបស់ប្រជាជនជាធំរូបនេះ ក៏បានរំឮកថា ភាពមានមាយាទរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យយើងមានសាច់ប្រាក់ដើម្បីចែកដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតរដូវកូវីដ១៩។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដោយសម្តេចផ្ទាល់ នឹងមិនទុកឱ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យអាជ្ញាធរអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមាន របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្ស មកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះវិញ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕