(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្តព្រះវិហារហ្លួង ខេត្តកំពង់ឆ្នាំង នៅក្នុងកម្មវិធីបុណ្យស្រោចសុគ្ធវារី ឡើងព្រះចៅអធិការវត្តភ្នំទាប ព្រះនាម រាយ ចាន់ហាក់ ក៏បានចែកទេយ្យទានដល់លោកតា លោកយាយ ទុរគតជន ១២គ្រួសារ ស្ថិតភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យស្រោចសុគ្ធវារី ឡើងព្រះចៅអធិការវត្តភ្នំទាប និងចែកទេយ្យទានដល់លោកតា លោកយាយ ទុរគតជននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវត្តភ្នំទាប ស្ថិតភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមអមដំណើរដោយព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់ កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះមេកុដិ២១ វត្តនាគវ័ន្ត រាជធានីភ្នំពេញ, ព្រះបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាជំនួយការសាលាអនុគណ ព្រះចៅអធិការវត្តក្រឡាញ់ចាស់ រួមព្រះមន្ត្រីសង្ឃ លោកប្រធានមន្ទី ខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុករលាប្អៀរ រួមសមាជិកពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះដែរព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការសូមបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំភ្លេចឲ្យសោះអំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ជាប្រចាំដើម្បីការពារកាឆ្លងនូវមេរោគ កូវីដ១៩នេះចូលមកក្នុងសហគមន៍។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការបន្ថែមទៀតថា សូមលោកតា លោយាយកុំមានការធ្វេសប្រហែសឲ្យសោះ ព្រោះបើមានការធ្វេសប្រហែសជំងឺកូវីដ១៩នេះ និងឆ្លងចូលមកសហគមន៍ ដែលនិងនាំឲ្យមានផលវិបាកជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់ព្រះមេត្តិសត្ថា វង្ស កុសល ដែលបានចែកជូនដល់លោកតា លោកយាយ ទុរគតជន ១២គ្រួសារនោះរួមមាន អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីវ១យួ និងថវិការ ៥០,០០០រៀលផងដែរ៕