(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានអំពីដំណើរការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ នៅទីស្តីការក្រសួង លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ សម្រេចបាន៩៨.៥% និងផ្លូវជាតិលេខ២២ សម្រេចបាន១០០% និងខិតខំធ្វើយ៉ាងណាឱ្យបានរូចរាល់ ទាំងស្រុងក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងតាមដានអំពីដំណើរការ នៃការងារដោះស្រាយផលប៉ះពាល់ ការរុះរើហេដ្ឋារចនាសម្ព័ន្ធនានាទាំងលើ ដី និងក្រោមដីក្នុងនោះរួមមាន៖ បណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាប្លិ៍អុបទិកជាដើម ព្រមទាំងបានពិភាក្សាស្វែងរកយន្តការដោះស្រាយ ចំណុចដែលសេសសល់ សំដៅឱ្យការសាងសង់មានសន្ទុះ ទៅមុខកាន់តែលឿនថែមទៀត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញអង្គភាព និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក តូច ចាន់កុសល បានបញ្ជាក់ទៀតថា ក្រុមកាងារពាក់ព័ន្ធទាំងអស់ បាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករនានា ដែលប្រកបរបរលើបណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាប្លិ៍អុបទិកជាដើម ដើម្បីរុះរើនិងប្ដូរទៅទីតាំងថ្មី ក្នុងគោលបំណងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនសាងសង់ អនុវត្តគម្រោងរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពបំផុត និងអាចបញ្ចប់គម្រោងតាមការគ្រោងទុក។
ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំប្រឡាយបង្ហូរទឹក នៅសងខាងផ្លូវដែលកំពុងសាងសង់ឱ្យបានត្រឹមត្រូវ និងសមស្របតាមគម្រោង ដើម្បីជៀសវាងការជន់លិចលង់ភូមិ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថារដូវភ្លៀងបានមកដល់ហើយ ភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួនផងដែរ។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ព្រមទាំងអនុគណៈកម្មការទាំងពីរ គឺអនុគណៈកម្មការខេត្តតាកែវ និងខេត្តកណ្ដាលសហការ ជាមួយភាគីពាក់ព័ន្ធចុះពិនិត្យទីតាំងរងផលប៉ះពាល់ នៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ដែលពិបាកក្នុងការដោះស្រាយ ដើម្បីស្វែងរកយន្តការដោះស្រាយឱ្យបានលឿនបំផុត សំដៅជៀសវាងការរាំងស្ទះក្នុងការសាងសង់។
ឆ្លៀតក្នុងឱកាសនោះ លោក តូច ចាន់កុសល បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករដែលកំពុងប្រកបរបរនៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសំណងលើផលប៉ះពាល់រួចហើយ សូមអនុវត្តតាមកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពបំផុតដើម្បីកុំឱ្យមានការរាំងស្ទះ ដល់ការសាងសង់ក៏ដូចជាការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕