(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទទួលបានជែលលាងដៃ៥០០ដប និងកុំព្យូទ័រយួរដៃ៥គ្រឿង ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារ សង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការប្រឆាំងនឹងមេរោគកូវីដ-១៩ នាទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម របស់ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនមានទំនួលខុសត្រូវ គាំទ្រដល់កម្ពុជា ទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ-១៩។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការឧបត្ថម្ភកុំព្យូទ័រយួរដៃ ដើម្បីឲ្យមន្ត្រីរបស់ក្រសួង អាចប្រើប្រាស់ដើម្បីប្រមូលរបាយការណ៍ ធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។ ការឧបត្ថម្ភ នៃជែលលាងដៃ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់ប្រជាជន និងសហគមន៍ នៅក្នុងស្ថានភាពដ៏លំបាកនេះ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍ កំពុងរង់ចាំការមកដល់ នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ធ្វើតេស្ត រកមេរោគ ចំនួន៦,៤០០ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន១,០០០ឈុត។
លោក Pern Chen បានបញ្ជាក់ថា ឧបករណ៍ និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយក្រសួងសុខាភិបាល ប្រឆាំងនឹងមេរោគកូវីដ-១៩។
លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ៥២,០០០ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភសម្ភារ បង្ការមេរោគកូវីដ-១៩ ដល់ស្ថាប័នរដ្ឋផ្សេងទៀតរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញផងដែរ៕