(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងតែជំរុញវិស័យកសិកម្ម ខណៈដែលការនាំចេញអង្ករ មានកើនឡើងគួរឲ្យកត់សម្គាល់ និងអះអាងថា បើទោះបីកម្ពុជាយ៉ាងម្ដេចក៏ដោយ កម្ពុជាគ្មានបញ្ហាអសន្ដិសុខស្បៀងនោះទេ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែជំរុញវិស័យកសិកម្ម ដែលឆ្នាំនេះ ដោយសារកូវីដ-១៩ បែរជាការនាំចេញអង្កររបស់យើង មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលពីមុន យើងនាំចេញបានប្រមាណ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ ឥលូវឆ្នាំនេះ អាចនឹងឈានដល់៨០ម៉ឺនតោន ឬលើសពីនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «បើទោះបីកម្ពុជាយ៉ាងម្ដេចក៏ដោយ តែកម្ពុជាមានចំណុចខ្លាំងមួយ គឺនៅត្រង់ថា រៀងរាល់ឆ្នាំយើងមានអធិរេកស្រូវ ប្រមាណជិត៦លានតោន។ ខ្លះគេថា កម្ពុជាងាយរងគ្រោះ សម្រាប់អសន្ដិសុខស្បៀង ប៉ុន្ដែគ្រាន់តែបញ្ជាក់ត្រលប់ទៅវិញថា យើងមានផ្ទៃដីដាំដុះរាប់លានហិកតា»។
ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ស្រូវវស្សារបស់កម្ពុជា សម្រេចបានជាង១.៥លានហិកតារួចស្រេចទៅហើយ ហើយប្រមាណអាទិត្យខាងមុខនេះ ជាពិសេសក្នុងខែកក្កដា ច្រើនតែជាខែច្រូតស្រូវស្រាល ដើម្បីធ្វើបន្ដនៅមួយរដូវទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដអះអាងថា កម្ពុជា គ្មានអសន្ដិសុខទេ ផ្ទុយទៅវិញកម្ពុជា នឹងមានការទទួលខុសត្រូវ រួមជាមួយសហគមន៍អន្ដរជាតិ ក្នុងការលក់ស្បៀងចេញ ទៅក្រៅប្រទេស។
សូមបញ្ជាក់ថា បើតាមការគណនា របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ទទួលបានចំណូលជាង២៤១លានដុល្លារ។
កម្ពុជាសម្រេចបានការនាំចេញ ៣៥៦,០៩៧តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។
ប្រទេសចិន បានគ្រប់គ្រងចំនួន៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេស នៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួន នៅក្នុងអាស៊ាន មានចំនួន១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥%។
ទោះបីអង្ករកម្ពុជា ត្រូវបង់ពន្ធនាំចូល លើទឹកប្រាក់ចំនួន១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពស់ គឺជាង ៥១%។ ប្រទេសបារាំងជាប្រទេស ដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណជាង ៤៥,០០០តោន។
បន្ទាប់គឺប្រទេសហូឡង់ ១៤,៦៦៦តោន ហើយលំដាប់លេខ៣ គឺប្រទេសអង់គ្លេសជាង៩,៧០០តោន បណ្តាប្រទេសនៅក្នុងអាស៊ាន ជាពិសេស ម៉ាឡេស៊ី ព្រុយណេ និងសិង្ហបុរី មានជាង ៤៥% បណ្តាប្រទេសផ្សេងៗមានចំនួន ៧៩% ហើយប្រទេសចិន មានកំណើន ២៥% ផងដែរ។
សម្រាប់ទីផ្សារ ខែឧសភា ឆ្នាំ២០២០ សហគមន៍អឺរ៉ុប មានការនាំចេញរហូតដល់ជាង ២៤,០០០តោន ឬ៤៤% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ដែលការនាំចេញ នេះ ភាគច្រើនស្ទើរតែ ១០០% ជាអង្ករក្រអូប អង្ករសរីរាង្គ និងអង្ករចំហុយ ហើយកម្ពុជា ក៏បាននាំចេញទៅប្រទេសចិន ប្រមាណជាង១៤,០០០តោន ឬ ២៦% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា។
កំណើនមធ្យម នៃការនាំចេញ គឺបណ្តាលមកពីការផ្អាកនាំចេញអង្ករសមួយរយៈ តែកំណើននៅប្រទេសចិន មានកម្រិតប្រហាក់ប្រហែលសហគមន៍អឺរ៉ុប និងចាប់ផ្តើម កើននៅខែបន្ទាប់។ ចំណែកឯកំណើននាំចេញ ទៅបណ្តាទីផ្សារផ្សេងដូចជា ហ្កាបុង អូស្ត្រាលី រុស្សី និង ញ៉ូសាឡែន ក៏មានកំណើនខ្ពស់គួរ ឲ្យចាប់អារម្មណ៍ផងដែរ៕