(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុល ក្នុងបរិយាកាស និងបង្កើនបរិស្ថានបៃតង ដែលជាចំណែកមួយ នៃសោភ័ណ្ឌភាព សម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អ សម្រាប់ប្រជាពលរដ្ឋតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងដាំកូនឈើប្រណីតៗ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្តុបចំការដូង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាលហើយប្រភេទដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នា ប្រមាណ៨ម៉ែត្រ ហើយជាគម្រោង ដើមឈើដែលត្រូវដាំនៅតាមបណ្តោយផ្លូវនេះ មានប្រមាណ១៨៤០ដើម លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ១៤គីឡូម៉ែត្រ)។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុន ទទួលម៉ៅការ ក្នុងការដាំដើមឈើនេះ ត្រូវចុះធ្វើការសិក្សា ទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈដើម្បីបង្ហាញពីគោលបំណង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលថា យើងនឹងដាំដើមឈើនៅតាមដងផ្លូវនេះ និងសូមឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការ និងថែទាំដើមឈើ ដែលបានដាំនៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អ។ ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឲ្យដើមឈើលូតលាស់បានល្អ។
ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោក ឃួង ស្រេង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់ មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរឲ្យបានរួចរាល់ អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើ ក៏ដូចជាគិតគូរពីការដាក់ប្រព័ន្ធលូឲ្យហើយស្រេច ជៀសវាងមានបញ្ហា កាប់ដើមឈើចោល វាពិតជាសោកស្តាយ៕