(កំពង់ធំ)៖ អនុវត្តតាមបទបញ្ជារបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ នេះ ក្រុមការងារបច្ចេកទេសម៉ាស៊ីនបូមទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះទៅកាន់ទីតាំងម៉ាស៊ីនបូមទឹកនានា ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ព្រមទាំងធ្វើការជួសជុល ថែទាំ ។
លោកប្រធានក្រុមការងារ បានប្រាប់ឱ្យដឹងថា ស្ទើរពេញមួយឆ្នាំ ២០១៥ ដែលម៉ាស៊ីនបូមទឹករបស់យើងជាច្រើនរយគ្រឿង ត្រូវបានប្រើប្រាស់ទាំងយប់ទាំងថ្ងៃ ដើម្បីបូមទឹកជួយដល់បងប្អូនប្រជាកសិករ ។
ការប្រើប្រាស់ដោយគំហុករបៀបនេះ ជាកត្តាមួយដែលធ្វើឱ្យម៉ាស៊ីនបូមទឹករបស់យើង ងាយរងនូវការទ្រុឌទ្រោម និងខូចខាត ។ ដោយឆ្វេងយល់ពីបញ្ហានេះ លោករដ្ឋមន្ត្រី បានបង្កើតឡើងនូវក្រុមការងារពិសេសមួយ ចុះទៅដល់ទីតាំងធ្វើសកម្មភាព ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ឬធ្វើការជួសជុលនៅនឹងកន្លែង ប្រសិនបើមានការខូចខាត ។
លោកបន្តថា នៅថ្ងៃនេះក្រុមការងាររបស់យើង បានចុះមកកាន់ខេត្តកំពង់ធំ និងបានធ្វើការជួសជុលម៉ាស៊ីនបូមទឹក បានចំនួន ០២ គ្រឿង និងត្រួតពិនិត្យ ថែទាំ បានចំនួន ២០ គ្រឿង ក្នុងនោះមាននៅក្នុងបរិវេណមន្ទីរចំនួន ០៥គ្រឿង និងនៅទីតាំងដែលកំពុងអន្តរាគមន៍ស្ថិតនៅក្នុងស្រុកសន្ទុកចំនួន ០២ គ្រឿង ស្រុកកំពង់ស្វាយ ចំនួន ០៦ គ្រឿង ស្រុកប្រាសាទសំបូរ ចំនួន ០៣ គ្រឿង និងក្រុងស្ទឹងសែន ចំនួន ០៤ គ្រឿង ។
លោក ឈា ប៊ុនរិទ្ធ បានបន្តទៀតថា ក្រោយពីបញ្ចប់បេសកកម្មនៅក្នុងខេត្តកំពង់ធំ ក្រុមការងាររបស់លោកនឹងបន្តចុះពិនិត្យម៉ាស៊ីនបូមទឹក នៅតាមបណ្តាខេត្តផ្សេងៗទៀត ៕