(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងនូវការលើកទឹកចិត្ត និងគាំទ្រឱ្យគ្រឹះស្ថានធនាគារ ឲ្យរឹបអូសអចលនទ្រព្យកូនបំណុលណា ដែលជឿតាមការឃោសនារបស់ក្រុមប្រឆាំងក្រៅប្រទេស មិនសងបំណុលធនាគារ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះអ្នកដែលបំផុសឲ្យមនុស្សមកដកលុយពីធនាគារ ចាំតែគេដកតើស។ ឥឡូវធនាគារខ្លះសល់លុយមិនដំណើរការផង។ អីចឹងទេ អ្នកដែលចង់ឲ្យធនាគារនៅស្រុកខ្មែរដួលរលំ តាមរយៈកុំសងធនាគារ និងដកលុយពីធនាគារ ប្រហែលជាខកចិត្តមិនតិចទេ ហើយខ្ញុំសុំបញ្ជាក់ ខ្ញុំលើកទឹកចិត្តឲ្យធ្វើការរឹបអូស [ទ្រព្យធានា] ប្រសិនបើអ្នកឯងជឿលើអ្នកឃោសនាចលនាកុំឲ្យសងធនាគារ។ ខ្ញុំគ្រាន់តែអំពាវនាវសុំឲ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសង។ ប៉ុន្តែមានអ្នកចលនាកុំឲ្យសងធនាគារ ខ្ញុំនឹងគាំទ្រឲ្យធនាគារប្តឹងទៅតុលាការ ដើម្បីរឹបអូស បើសិនជាជននោះគាំទ្រនូវនយោបាយរបស់អាអ្នកអំពាវនាវនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្តេចមិនចង់ឃើញមានការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីធនាគារទេ ពិសេសក្នុងដំណាក់កាលនៃការកើតឡើងនូវជំងឺកូវីដ១៩ ប៉ុន្តែសម្តេចគាំទ្រឲ្យរឹបអូសចំពោះជនណា ដែលជឿលើការឃោសនាក្រុមប្រឆាំងក្រៅស្រុក ដែលចង់ឲ្យប្រទេសជាតិចលាចលតែប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលជាប់បំណុលធនាគារនោះ គឺសម្តេចបានអំពាវនាវឲ្យការរៀបចំឥណទានឡើងវិញ សម្រាលអត្រាការប្រាក់ បញ្ចុះអត្រាទុនបម្រុងកាតព្វកិច្ចសម្រាប់ធនាគារពី១២.៥% មកនៅត្រឹមតែ៧% ដើម្បីបញ្ចេញដើមទុនក្នុងប្រព័ន្ធធនាគារឲ្យកើនឡើង សម្រាប់ផ្តល់សេវាដល់អតិថិជន រួមទាំងការបន្ថែមទុនផ្សេងទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «មកដល់ពេលនេះ ធនាគារមួយចំនួនថ្អូញថ្អែរថាអត់មានអ្នកខ្ចី ព្រោះមាននរណាធ្វើតាមអាមនុស្សឆ្កួតនោះ [ក្រុមប្រឆាំងក្រៅស្រុក] ឲ្យទៅដកលុយពីធនាគារ។ គេទុកលុយក្នុងធនាគារ ដើម្បីនឹងយកការប្រាក់ មានន័យថាអ្នកទាំងនោះទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល បានគេមិនទៅដកសាច់ប្រាក់»។
សូមជម្រាបថា ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ទោះយ៉ាងណាវិស័យកសិកម្ម និងវិស័យធនាគារក៏នៅតែបន្តកើនឡើង។
សម្រាប់វិស័យធនាគារ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្តឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាក របស់អតិថិជនដែលរងឥទ្ធិពលនៃ វិបត្តិសុខភាពពិភពលោកជំងឺកូវីដ១៩៕