(ភ្នំពេញ)៖ លោក ហ៊ុន គីមជាតិ ក្មួយប្រុសបង្កើតសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយាបានចុះសួរសុខទុក្ខជនមានពិការភាព នៅមណ្ឌលបណ្តុៈបណ្តាលជំនាញជនមានពិការភាពភ្នែក នៃសមាគមតន្ត្រីសំនៀងជនពិការ ចំនួន១៦០នាក់ ដែលមានទីតាំងនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សកម្មភាពចុះសួរសុខទុក្ខរបស់លោក ហ៊ុន គីមជាតិ បានធ្វើឡើងនៅដើមសប្តាហ៍នេះ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាអាណាព្យាបាលរបស់ជនពិការភ្នែកជាង ៤០០នាក់ នៅក្នុងសមាគមនេះ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន គឹមជាតិ ក៏បានឧបត្ថម្ភ Computer ម៉ាក DEL ចំនួន ១៥ គ្រឿង និងថវិកាចំនួន ៧០០ដុល្លារអាមេរិក ជូនដល់មជ្ឈមណ្ឌល ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។
លោកស្រី ញ៉ែម មរកត បានថ្លែងថា សកម្មភាព និងកាយវិការសប្បុរសរបស់លោក ហ៊ុន គីមជាតិ និងភរិយា បានបង្ហាញនូវសេចក្តីអាណិត និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ជនពិការភ្នែក ដែលងងឹតមើលមិនឃើញពន្លឺព្រះអាទិត្យ។ លោកស្រីចាត់ទុកថា នេះជាការចូលរួមយ៉ាងសកម្មក្នុងវិស័យពិការភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការរើសអើងមកលើជនមានពិការភាព៕