(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញប្រជាពលរដ្ឋ ឲ្យចេះថែទាំសុខភាព ការពារខ្លួនពីជំងឺកូវីដ១៩ និងប្រឹងបង្កបង្កើនផល ខណៈរដូវភ្លៀងចូលមកដល់។
ការជំរុញបែបនេះ ខណៈលោក និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣៦គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោកបានថ្លែងទៀតថា តាំងពីដើមរៀងមក និងបច្ចុប្បន្នបើទោះបីកម្ពុជា ក៏ដូចជាខេត្តកំពត កំពុងស្ថិតនៅក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្តី ក៏ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច។ លោកបាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំផែនការ ដើម្បីជួយសង្គ្រោះស្ថានភាព គ្រួសារក្រីក្រនៅទូទាំងប្រទេសជាជំហ៊ានៗ បណ្តើរៗផងដែរ ជាក់ស្តែងដូចនៅក្នុងថ្ងៃនេះតែម្តង។
លោកអភិបាលខេត្ត បញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តកំពត លោកសូមលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូររឿងសុខភាពជាសំខាន់ និងត្រូវបន្តអនុវត្តវិធានការនានា ដើម្បីការពារខ្លួន ពីជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ ស្របពេលរដូវវស្សាវចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់ ប្រជាពលរដ្ឋក៏ត្រូវខិតខំប្រឹងប្រែងប្រកបរបរដាំដុះឲ្យបានកាន់តែប្រសើរ។ រាល់ឆ្នាំ មានតែវិស័យកសិកម្មទេ ដែលអាចជួយជ្រោងជីវភាពរបស់ប្រជាពលរដ្ឋបាន នៅក្នុងអំឡុងពេលនៃវិបត្តិសាកលនៃជំងឺកូវីដ១៩នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយនិងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ប្រមាណ ៣៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខ ១០កំប៉ុង, មីជាតិ១កេស, ទឹកបរិសុទ្ធ១កេស និងថវិកា ២០.០០០រៀល។ ស្របពេលជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានបន្តចុះពិនិត្យមើលដំណាំដាំដុះរបស់ប្រជាពលរដ្ឋផងដែរ៕