(ភ្នំពេញ)៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ពុធ មនោរម្យ ដែលជាជនបង្កបើករថយន្តលុចស៉ីស ពាក់ផ្លាកលេខក្លែងក្លាយ បុកប៉ូលិសចរាចរណ៍ នៅរង្វង់មូលចោមចៅ យកទៅដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដើម្បីរងចាំជំនុំជម្រះទោសទណ្ឌ តាមកំណត់របស់នីតិវិធី។

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ពុធ មនោរម្យ ចំនួន ៤បទល្មើស។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Frresh News ប្រចាំនៅតុលាការ។

សូមបញ្ជាក់ថា យុវជនម្នាក់ដែលបើករថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយរូបនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ តាមស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

ក្រុម ការងារ ព័ត៌មាន និង ប្រតិកម្ម រហ័ស នៃ ស្នងការ ដ្ឋា ន នគរ បាល រាជធានី ភ្នំ ពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនបង្កមាន ឈ្មោះ ពុធ មនោ រម្យ ដែល មិន បាន ស្តាប់ ការណែនាំ របស់ ប៉ូលិស ចរាចរ ណ៍ នៅ ម្តុំការដ្ឋា ន កំពុងសាងសង់ ផ្លូវ នៅ រង្វង់ មូលចោមចៅ និង បាន បើក រថយន្ត ក្នុង ល្បឿន លឿន ដែល បង្កឲ្យ មន្ត្រី ចរាចរ ណ៍ ម្នាក់ ដួល ។ ក្រោយ ធ្វើ ការស្រាវជ្រាវ និង ត្រួត ពិនិត្យ បាន បង្ហាញ ឲ្យ ឃើញ ថា ជនបង្កនេះ បាន ប្រើ ប្រាស់ ផ្លាកលេខមិន ត្រឹម ត្រូវ ដោយ យកផ្លាកលេខរថយន្ត ផ្សេង មកពាក់។

អ្នកនាំពាក្យតំណាងអយ្យការ បានបញ្ជាក់ថា លោក ឡុង ជាប ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ជនបង្កចំនួន ៤បទល្មើស រួមមាន៖
*ទី១៖ ហិង្សាដោយចេតនា
*ទី២៖ ប្រឆាំងនឹងការអនុវត្តការងារសាធារណ:
*ទី៣៖ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ
*ទី៤៖ ការប្រើប្រាស់ប័ណ្ណបើកបរ និងស្លាកលេខក្លែងក្លាយ។

បន្ទាប់ពីការចោទប្រកាន់ជនបង្ក និងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្ដនីតិវិធី៕