(ភ្នំពេញ)៖ និយតករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេចលុបអាជ្ញាបណ្ណប្រតិបត្តិការ ផ្តល់សេវាទូរសព្ទចល័ត 3G, ដកហូតហ្វ្រេកង់ស៍វិទ្យុ និងការដកហូតលេខទូរគមនាគមន៍ ដែលផ្តល់ជូនក្រុមហ៊ុន CADCOMMS (qb) សម្រាប់ប្រតិបត្តិការ សេវាទូរសព្ទចល័តនៅកម្ពុជា។ នេះបើតាមសេចក្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះនិយតករទូរគមនាគមន៍កម្ពុជា តម្រូវឲ្យក្រុមហ៊ុន CADCOMMS ត្រូវទទួលខុសត្រូវទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ និងការលើកទឹកចិត្តផ្សេងទៀត និងត្រូវ មានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងភាគីទីបី ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថា ហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។
លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លុបចោលអាជ្ញាបណ្ណក្រុមហ៊ុននេះ ធ្វើឡើងតាមការសម្រេចរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដោយមើលឃើញការមិនដំណើរការទៅមុខរបស់ក្រុមហ៊ុននេះ ដែលអតិថិជនចេះតែខើចទៅៗ។
លោកបន្តថា «យើងបានចុះមើលដំណើរការក្រុមហ៊ុននេះ តែហាក់ដូចជាគ្មានដំណើរការទៅមុខ ទើបក្រសួងសម្រេចដកហូតអាជ្ញាបណ្ណ ហ្វ្រេកង់ស៍ ជាដើម មកដាក់ជាសម្បត្តិរបស់រដ្ឋ ដើម្បីស្វែងរកអ្នកវិនិយោគថ្មី ដោយប្រើប្រាស់យន្តការដាក់ដេញថ្លៃ តាមការសម្រេចរបស់រាជរដ្ឋាភិបាល»។
សូមជម្រាបថា ក្រុមហ៊ុន CADCOMMS ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរស័ព្ទ qb បានទទួលបានអាជ្ញាបណ្ណប្រតិបត្តិការសេវាទូរស័ព្ទចល័តនៅកម្ពុជា កាលពីឆ្នាំ២០០៦ ដែលមកដល់ពេលនេះ ដំណើរការបានរយៈពេល១៤ឆ្នាំ៕