(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា សន្លឹកឆ្នោតដែលត្រូវបំផ្លាញចោលនៅលើកទី៤នេះ មានចំនួនសរុប ៤៣.២៥៣កញ្ចប់ ត្រូវជា ២២.០០១.០៥០សន្លឹក ជាសន្លឹកឆ្នោតដែលប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧។
ការអះអាងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលគ.ជ.ប រៀបចំកម្ទេចសន្លឹកឆ្នោតលើកទី៤ ដែលកម្ពុជាបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ កន្លងមក។
លោក ទេព នីថា បានឲ្យដឹងទៀតថា ការបំផ្លាញសន្លឹកឆ្នោត ដែលប្រើប្រាស់ហើយនេះមានរយៈពេលមួយសប្តាហ៍។ ក្នុងដំណើរប្រព្រឹត្តទៅនៃការងារនេះ គ.ជ.ប ចាត់តាំងមន្ត្រីឱ្យតាមដាន ត្រួតពិនិត្យជាប្រចាំ ហើយក្នុងរយៈពេលនេះតំណាងគណបក្សនយោបាយពាក់ព័ន្ធអ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មានក៏អាចចូលរួមតាមដាន និងសង្កេតមើលបាន។
បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ, សន្លឹកឆ្នោតប្រើប្រាស់ហើយ ដែលត្រូវកាត់បំផ្លាញចោល រួមមាន៖
* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួន ២០.៦៤២ កញ្ចប់ ត្រូវជា១២.៣២៥.៦៥០សន្លឹក
* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានចំនួន ២២.១៤៨ កញ្ចប់ ត្រូវជា៩.៥៩១.២០០សន្លឹក រួមនឹង សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ មានចំនួន៥៩កញ្ចប់ ត្រូវជា ២៥.០០០ សន្លឹក។
* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មានចំនួន៤៤៤ កញ្ចប់ ត្រូវជា ៥៩.២០០ សន្លឹក។
លោក ទេព នីថា បានបន្តថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតអសកល គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ច្បាប់ពុំបានកំណត់ពីរយៈពេល ត្រូវរក្សាទុកមុនការបំផ្លាញចោលទេ។ ពិតណាស់ ការបំផ្លាញសន្លឹកឆ្នោត ដែលប្រើប្រាស់ហើយ គឺជាការអនុវត្តតាមការកំណត់នៃច្បាប់ និងនីតិវិធីដែលកំណត់ដោយគ.ជ.ប ហើយព្រមជាមួយនេះក៏ជាការរួមចំណែកផងដែរ ក្នុងការសន្សំសំចៃថវិកាចំណាយសម្រាប់ការថែរក្សាការពារ ព្រោះថា គ.ជ.ប ត្រូវបន្តថែរក្សាការពារសន្លឹកឆ្នោត ដែលប្រើប្រាស់ហើយក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០១៩ទៀត។
តាមកម្មវិធីដែលបានគ្រោងទុក សន្លឹកឆ្នោតដែលត្រូវបំផ្លាញត្រូវដឹកជញ្ជូនពីឃ្លាំង គ.ជ.ប នៅគ.ម.លេខ៦ ជាបន្តបន្ទាប់មកទីនេះ ដើម្បីរើយកសន្លឹកឆ្នោតចេញពីស្បោង និងរៀបចំតាមបច្ចេកទេសដាក់ចូលក្នុងម៉ាស៉ីនកាត់ចិញ្ច្រាំចោល៕