(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសណ្ឋាគារផាមរីវើ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្ត អភិបាលស្រុកក្រុង ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងថា ពិធីប្រកាសផ្សព្វផ្សាយ នឹងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ស្ពឺនាព្រឹកនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីគោលការណ៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរសុខាភិបាលលើការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលឲ្យមករដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត ក៏បានបន្តទៀតថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ រដ្ឋបាលខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានាដែលបានប្រគល់ឲ្យ។ អ្វីដែលរដ្ឋបាលខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល លើការអនុវត្តមុខងារសុខាភិបាល គឺការបំពេញការងារទាំងនេះ ដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល។ ទន្ទឹមគ្នានេះប្រធានមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត។
លោកបានសង្កត់ធ្ងន់ថា ក្រោយពេលដែលដាក់ចេញនៅសេចក្ដីសម្រេចស្តីពីការធ្វើសមាហរណកម្មបុគ្គលិកនៃការិយាល័យជំនាញទាំងអស់របស់មន្ទីរជំនាញនៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុករួចរាល់មក រដ្ឋបាលខេត្តបានពិនិត្យឃើញថា មន្ទីរអង្គភាពជំនាញមួយចំនួនរបស់ក្រុង ស្រុក ដែលជាអតីតការិយាល័យជំនាញថ្នាក់ក្រុងស្រុកនៅតែបន្តធ្វើទំនាក់ទំនងការងារតាមរយៈលិខិតរដ្ឋបាល និងទំនាក់ទំនងផ្ទាល់ជាមួយគ្នាតាមប្រព័ន្ធចាស់ ដោយមិនឆ្លងកាត់រដ្ឋបាលក្រុង ស្រុកនីមួយៗឡើយ។
ដូចនេះដើម្បីពង្រឹងការងារគ្រប់គ្រង និងការចាត់ចែងការងាររដ្ឋបាលក្រុងស្រុកឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រធានការិយាល័យឬប្រធានអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុកអាចទំនាក់ទំនងការងារផ្ទៃក្នុងតាមរយៈលិខិតរដ្ឋបាល រវាងការិយាល័យអង្គភាព នៃរដ្ឋបាលក្រុងស្រុក ឬជាមួយថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្រុក និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទំរង់បែបបទ នៃការផ្ដល់សេវារដ្ឋបាល ក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ រាល់ការធ្វើទំនាក់ទំនងក្នុងវិស័យបច្ចេកទេសរបស់ខ្លួនជាមួយការិយាល័យ ឬអង្គភាពនានារដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពនានា ត្រូវធ្វើឡើងតាមរយៈលិខិតរដ្ឋបាលផ្លូវការទៅរដ្ឋបាលក្រុងស្រុកដោយផ្ទាល់ដើម្បីគ្រប់គ្រងចាត់ចែងនិងអនុវត្ត។
ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមដានជាប្រចាំនូវកន្លែងកម្សាន្ត ជាពិសេសអនុវត្តតាមសារាចរណែនាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ កម្មករ និយោជិតឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕