(ភ្នំពេញ)៖ សប្បុរសជនមួយគ្រួសារ ដែលមានប្តីឈ្មោះ ចេង សេង និងភរិយា ឈ្មោះ ស៉ឹម ទូច (ស្រីការ) បាននាំយកនូវថវិកាចំនួន ៨៨៨៨ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជួយឲ្យមន្ទីរពេទ្យនេះ បន្តសកម្មភាពព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ។
ការប្រគល់ថវិកាចំនួន ៨៨៨៨ដុល្លារអាមេរិកនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់។
ក្រុមគ្រួសារដែលបរិច្ចាគថវិកានេះបានបញ្ជាក់ឲ្យដឹងថា «ការចូលរួមបរិច្ចាគថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៨៨៨៨ដុល្លារអាមេរិកនេះ មានគោលបំណង២ គឺទី១- គឺដើម្បីអបអរកម្មវិធីគម្រប់ខួបកំណើត១៥ឆ្នាំ របស់កូនស្រីរបស់ខ្ញុំ ឈ្មោះ ឡេង ស្រីលក្ខណ៍ និងទី២- ដោយសារពីមុន ខ្ញុំធ្លាប់យកកូនប្រុសច្បងទៅចាក់ថ្នាំបង្ការ ឃើញបងប្អូនអ្នកមកពីបណ្តាខេត្តយកកូនៗ មកព្យាបាលជាច្រើន ខ្ញុំក៏មានអារម្មណ៍ថា ថ្ងៃណាមួយខ្ញុំមានលទ្ធភាព នឹងបរិច្ចាគថវិកាមួយចំនួនជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលជាបំណងប្រាថ្នា ហើយពេលនេះខ្ញុំបានសម្រេចនូវគោលបំណងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ»។
សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានកំពុងបន្តដំណើរការពិនិត្យព្យាបាលកុមារកម្ពុជា ដោយមិនគិតប្រាក់៕