(ព្រះសីហនុ)៖ មេក្លោងចែកចាយគ្រឿងញៀនធំមួយនៅខេត្តព្រះសីហនុ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន៣នាក់ និងដកហូតថ្នាំញៀនមួយចំនួន។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយបង្ក្រាបបានកាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ នៅចំណុចក្រុមទី០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ជនសង្ស័យទី១៖ឈ្មោះ ចាន់ សារ៉េត ហៅនី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅក្រុមទី៤ ភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុ, ទី២៖ឈ្មោះ ង៉ែត ចន្ថា ហៅឆ្អឹង អាយុ៣៤ឆ្នាំ និងទី៣៖ឈ្មោះ ឈឹត ប៉ុនហេង ហៅគុយហេង អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់ប្រភេទក្រវី ចំនួន១៦បន្ទះ (បន្ទះពណ៌ក្រហម) ១៦០គ្រាប់, ថ្នាំគ្រាប់ ក្រវីពណ៌បៃតង ចំនួន០៧គ្រាប់, ថ្នាំគ្រាប់ ក្រវីពណ៌ដីឥដ្ឋ ចំនួន៣៧គ្រាប់, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង និងថងវិចខ្ចប់មួយចំនួន៕