(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រតិបត្ដិការបច្ចេកទេស ផ្គត់ផ្គង់សម្ភារកូវីដ១៩ បានថ្លែងថា ដើម្បីធានាការការពារ ទប់ស្កាត់ការរាតត្បាតរលកទី២នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្ដសម្រាប់អ្នកដំណើរជាជនបរទេស ដែលចូលមកកម្ពុជា តម្រូវឱ្យមានដូចជា៖
១៖ វិញ្ញាបនបត្រសុខភាព បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង
២៖ ឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា
៣៖ អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍
៤៖ ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa, K) ត្រូវបានលើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព និងការតម្កល់ប្រាក់ចំនួន ៣,០០០ដុល្លារ សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩
៥៖ សម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវបានលើកលែងនូវការតម្កល់ថវិកា, ឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ និងទទួលបានការព្យាបាលជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។
៦៖ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំង ដែលកំណត់ដោយគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩
៧៖ ក្នុងករណីអ្នកដំណើរ ទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
សូមទស្សនាបទសម្ភាសលម្អិត ពីវិធានការនានា ដើម្បីធានាការការពារ ទប់ស្កាត់ការរាតត្បាតរលកទី២នៃជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្ដដូចតទៅ៖