(សៀមរាប)៖ ប្រជាពលរដ្ឋខេត្តសៀមរាប បានស្នើតាមរយៈអង្គភាព Fresh News ឲ្យអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ជួយចាត់ការលើក្រុមអ្នកបារមីនិយម ដែលបាននាំគ្នាទៅធ្វើពិធីជាន់ឈ្លីលើរូបសំណាកលោកយាយទេព ដែលជាកន្លែងទីសក្ការៈគោរពបូជា របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាអ្នកទេសចរទៅកាន់សៀមរាបផងដែរ។
មិត្តអ្នកអាន ដែលបានផ្ញើសំណូមពរមកកាន់ទំព័រ Facebook របស់ Fresh News បានឲ្យដឹងថា មានអ្នកបារមីនិយម បានតាំងខ្លួន ជាអ្នកស្នងរូបលោកយាយទេព បានទៅអង្គុយពីលើលោកសំណាកលោកយាយទេព ដើម្បីឲ្យអ្នកមានជំនឿខ្លួនអង្គុយគោរពបូជា។ មិត្តអ្នកអាន បានហៅទង្វើនេះថា ជាការជាន់ឈ្លីធ្ងន់ធ្ងរទៅវត្ថុស័ក្តិសិទ្ធិ ដែលប្រជាពលរដ្ឋខ្មែរមានជំនឿរាប់ពាន់ឆ្នំាមកហើយ។ សូមបញ្ជាក់ថា រូបសំណាក លោកយាយទេព ស្ថិតនៅលើដងផ្លូវ ក្បែរអាស្រមព្រះអង្គចេក ព្រះអង្គចម។
មិត្តអ្នកអានធ្វើការទទូចយ៉ាងដូច្នេះ «សូមឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាពិនិត្យលទ្ធភាព និងឲ្យជនបំពានដ៏ស្មោគគ្រោគនេះ មកធ្វើការសុំទោសប្រជាជនខ្មែរ ទូទំាងប្រទេស ហើយផ្តន្ទាទោសជននេះ ឲ្យធ្ងន់ធ្ងរបំផុត»៕