(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៦ខែឆ្នាំ២០២០នេះ ករណីអគ្គិភ័យកើនឡើងខ្ពស់ជាងឆ្នាំមុន រហូតដល់ទៅ២៦២លើកឯណោះ។
ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមសហការដឹកនាំ ការរៀបចំការហ្វឹកហាត់ពន្លត់អគ្គិភ័យសាកល្បងទ្រង់ទ្រាយធំ ប្រចាំឆ្នាំ២០២០ របស់ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។
ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ មានអគ្គិភ័យកើតឡើងចំនួន ៦៩១/៤២៩លើក បានន័យថា កើតឡើង ២៦២ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះបណ្តាលឲ្យស្លាប់ ១១/១០នាក់ និងរបួស ២៨/៤៦នាក់ ឆេះផ្ទះចំនួន ៥១៩ខ្នង តូប២២៥តូប និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។
លោកបន្តថា បញ្ហាដែលធ្វើឲ្យអគ្គិភ័យកើតឡើងបណ្តាលមកពីកត្តា ៣យ៉ាងរួមមាន៖ ចរន្តអគ្គិសនី ៤១% ប្រើប្រាស់ភ្លើង ៣៩% និងក្តាប់មិនបានមូលហេតុ ២០%។ កម្លាំងផ្នែកអគ្គិភ័យ បានចេញប្រតិបត្តិការចំនួន ៥៧៣លើក ប្រើប្រាស់ទឹកអស់ ១២៣៨រថយន្ត ស្មើនឹង ៥៣៩២ម៉ែត្រគូប ហើយអាជ្ញាធរមូលដ្ឋានចេញជួយទាន់ពេលបានចំនួន ១១លើក ខណៈករណីធំៗ ដែលមិនអាចគ្រប់គ្រងបានចំនួន ៥០លើក។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងទៀថា សមយុទ្ធថ្ងៃនេះ មិនត្រឹមតែដើម្បីហ្វឹកហាត់បុគ្គលិកទាំងអស់នៅផ្សារទំនើបអ៉ីអន១ នូវវិធីសាស្ត្រពន្លត់អគ្គិភ័យ ដែលសង្កត់ធ្ងន់ទៅលើការហ្វឹកហាត់សង្គ្រោះបឋម គ្រប់គ្រងស្ថានការណ៍ ជម្លៀស និងពន្លត់អគ្គិភ័យប៉ុណ្ណោះទេ គឺថែមទាំងចង់បង្ហាញប្រជាពលរដ្ឋឲ្យចេះវិធីពន្លត់អគ្គិភ័យ និងឲ្យចេះរៀបចំឧបករណ៍អន្លត់អគ្គិភ័យនៅផ្ទះខ្លួនឯងផងដែរ៕