(ភ្នំពេញ)៖ ដើម្បីអនុវត្តន៍តាមបទប្បញ្ញតិ្តរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមកាត់បន្ថយ និងទប់ស្កាត់គ្រោះមហន្តរាយ ដែលបង្កដោយអគ្គិភ័យជាយថាហេតុ ព្រមជាមួយនឹងការលើកកម្ពស់ការយកចិត្តទុកដាក់ទៅលើអតិថិជន ក៏ដូចជាបុគ្គលិកទាំងអស់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំរបស់ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១) បានរៀបចំការហ្វឹកហាត់ពន្លត់អគ្គិភ័យសាកល្បងទ្រង់ទ្រាយធំ ប្រចាំឆ្នាំ២០២០។
ការហ្វឹកហាត់នេះ ធ្វើឡើងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការនគរបាលជាតិ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមយ៉ាងសកម្ម ពីតំណាងបុគ្គលិកហាង កម្មករនិយោជិត និងថ្នាក់ដឹកនាំផ្សារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀត។
ការហ្វឹកហាត់ពន្លត់អគ្គិភ័យសាកល្បង ប្រចាំឆ្នាំ២០២០ របស់ផ្សារទំនើបអ៉ីអនម៉លភ្នំពេញនេះដែរ ត្រូវបានសហការជាមួយនឹងក្រុមហ៊ុន សេហ្វធីសាគូរ៉ាសឺវីស ព្រមទាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ ដឹកនាំដោយនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីហ្វឹកហាត់បុគ្គលិកទាំងអស់គ្នា នូវវិធីសាស្ត្រពន្លត់អគ្គិភ័យ ដែលសង្កត់ធ្ងន់ទៅលើការហ្វឹកហាត់សង្គ្រោះបឋម គ្រប់គ្រងស្ថានការណ៍ ជម្លៀស និងពន្លត់អគ្គិភ័យ ដែលនៅក្នុងនោះបុគ្គលិកផ្សារទំនើបអ៉ីអនម៉ល បានយល់ដឹងកាន់តែច្បាស់ នូវបច្ចេកទេសរុំរបួស ជម្លៀសមនុស្សក្នុងអគារ និងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ការហ្វឹកហាត់ផ្នែកស្មារតី ភាពក្លាហាន ការសហការគ្នាដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងចេះធ្វើការងារជាក្រុមនៅពេលមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។
លោក សុខ ថុល អ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលការងារទំនាក់ទំនងសហគមន៍ បានថ្លែងថា ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងបុគ្គលិកទាំងអស់ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ បច្ចុប្បន្នមានការបាញ់ថ្នាំសម្លាប់មេរោគ រៀបចំគម្លាតសុវត្ថិភាព ការវាស់កម្តៅផ្សេងៗ ព្រមទាំងការផ្សព្វផ្សាយតាមរយៈឧឃោសនសព្ទផងដែរ។ យ៉ាងណាមិញ ក្នុងសកម្មភាពហ្វឹកហាត់ដ៏ធំនេះ ថ្នាក់ដឹកនាំផ្សារបានរៀបចំឲ្យបុគ្គលិក ដែលចូលរួមមានការការពារខ្ពស់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកបន្តថា វិធានការការពារទាំងនោះរួមមាន៖
១៖ ការវាស់សីតុណ្ហភាពឲ្យបុគ្គលិក ដែលចូលរួមទាំងអស់ដោយកំណត់កម្តៅមិនឲ្យលើសពី ៣៧,៥អង្សាសេ។
២៖ ចែកជូនម៉ាស និងតម្រូវឲ្យអ្នកចូលរួមលាងដៃជាមួយនឹងទឹកអាល់កុល។
៣៖ ណែនាំបុគ្គលិកឲ្យយល់ដឹងពីគម្លាតសុវត្ថិភាព ដោយតម្រូវឲ្យនៅឆ្ងាយពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំផ្សារទំនើបអ៉ីអនម៉លភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់លើការបង្ការអគ្គិភ័យ ដើម្បីធានាថាអតិថិជន និងបុគ្គលិកទាំងអស់ នឹងមានសុវត្ថិភាបខ្ពស់ ដោយតម្រូវឲ្យម្ចាស់ហាងទាំងអស់ មានបំពង់ពន្លត់អគ្គិភ័យរៀងៗខ្លួនជានិច្ច ព្រមទាំងទទួលបានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីក្រុមបច្ចេកទេសរបស់ផ្សារទំនើបនេះផ្ទាល់ ជាប្រចាំផងដែរ៕