(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិ អាស៉ី-អាគ្នេយ៍ (អាស៊ាន) និងអន្ដរសភាអាស៊ាន (អាយប៉ា) ដែលជាជំនួបកំពូល រវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈវីដេអូ Conference នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន ស៊ុនហ្វុគ នាយករដ្ឋមន្ដ្រីវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦។
ក្នុងកិច្ចប្រជុំនោះ លោកស្រី ឃួន សុដារី នឹងចូលរួមផ្ដល់នូវអនុសាសន៍ដោយផ្ដោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនៈស៉ីជម្រៅ អំពីការរួមគ្នាដោះស្រាយបញ្ហាទាំងនេះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីសរស្ដម្ភទាំង៣ របស់អាស៊ាន គឺ សន្ដិសុខ នយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
គណៈប្រតិភសភាកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈរបស់សភាកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងឡើងថ្លែងដោយ លោកស្រី ង្វៀនឌី គឹមងិន ប្រធានប្ដូរវេនអន្ដរសភាអាស៊ាន (អាយប៉ា) លើកទី៤១ នៅចំពោះមុខប្រមុខដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាប្រទេសសមាជិកអាស៊ាន៕