(ឧត្តរមានជ័យ)៖ ព្រះសង្ឃមួយអង្គ បានចងកធ្វើអត្តឃាតដោយពុំដឹងមូលហេតុ ស្ថិតនៅចំនុចវត្តទួលចរន្ត ក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង១១៖០០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។
បើតាមរបាយកាណ៍របស់សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ឱ្យដឹងថា ព្រះសង្ឃដែលធ្វើអត្តឃាតដោយចងក មានព្រះនាម វន ភារឿន ព្រះជន្ម២០វស្សា គង់នៅវត្តខាងលើ មានស្រុកកំណើតនៅភូមិ៣ ឃុំលើ ស្រុកចំការលើ ខេត្តកំពង់ចាម បានយកខ្សែគោនីឡុងពណ៌សប្រវែង៣.៥០ម៉ែត្រ ចងភ្ជាប់ជាមួយធ្នឹមកម្ពស់២.៤៦ម៉ែត្រ ហើយទាក់កខ្លួនឯងទម្លាក់ខ្លួន ចុះមកក្រោមបណ្តាលឱ្យរឹតក សុគតតែម្តង។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ច និងគ្រូពេទ្យបានចុះទៅពិនិត្យសាកសព ឃើញសាកសពស្លៀកស្បង់ជីពរពណ៌ស្លាទុំ មានស្លាកស្នាមមួយកន្លែងត្រង់បំពង់ក ដែលបង្កឡើងដោយខ្សែនីឡុង ចំណែកបរិវេណកន្លែងកើតហេតុ មិនមានស្លាកស្នាមអ្វីគួរឱ្យសង្សយ័នោះទេ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា សាកសពព្រះសង្ឃខាងលើពិតជាសុគតដោយសារចងកពិតប្រាកដមែន។
ដោយឡែក ព្រះតេជគុណ មាន សំអឿន មានព្រះជន្ម៥៤វស្សា ជាចៅអធិការវត្តទួលចរន្ត មានសង្ឃដិការបំភ្លឺសមត្ថកិច្ចថា ព្រះអង្គពុំដឹងមូលហេតុពិតប្រាកដនៃការចងកធ្វើអត្តឃាតរបស់ព្រះសង្ឃ វន ភារឿន នោះទេ តែព្រះអង្គត្រឹមដឹងច្បាស់ថាព្រះសង្ឃដែលសុគតដោយចងកនេះ មានចរឹកស្លូតបូតណាស់ ហើយពុំដែលមានទំនាស់ជាមួយអ្នកណានោះទេ ដែលករណីនេះសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវបន្ត ដើម្បីឱ្យដឹងការពិតនៅពេលក្រោយ៕