(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ គឺនៅបន្ដបិទដដែល ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល ជំងឺកូវីដ១៩ រវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ម៉ុម សារឿន បានអះអាងថា ចំពោះការចរាចរណ៍ទំនិញទៀតសោទ ក៏មិនសូវមានច្រើននោះទេពោលមានបន្ដិចបន្ទួចប៉ុណ្ណោះ ព្រោះថាច្រកទ្វារអន្ដរជាតិនេះ មិនមែនជាច្រកសេដ្ឋកិច្ចខ្លាំង នៃការចរាចរណ៍ទំនិញនោះឡើយ។
លោក ម៉ុម សារឿន បានថ្លែងយ៉ាងដូច្នេះថា «ច្រកទ្វារព្រំដែនមកដល់ពេលនេះ យើងមិនទាន់បើកដំណើរការឡើងវិញទេ ហើយនៅច្រកនេះខាងភាគីឡាវគេបិទមុនយើង យើងបិទក្រោយគេតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល។ មកដល់ពេលនេះ យើងមិនទាន់បានបើកដោយសារខាងភាគីឡាវ ក៏មិនទាន់បើក យើងមិនទាន់ទទួលបានអ្វីជាផ្លូវការពីរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការឡើងវិញ»។
បើតាមលោកអភិបាលខេត្ត បញ្ហាបើកច្រកទ្វារអន្ដរជាតិត្រពាំងក្រៀលឡើងវិញនេះ កន្លងទៅរដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានជំរុញទៅរដ្ឋបាលខេត្ដចំប៉ាសាក់ដែរ ប៉ុន្ដែភាគីឡាវនៅបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនទាន់បង្ហាញគោលជំហរចង់បើកឡើងវិញនោះទេ ខណៈកម្ពុជា បានបង្ហាញគោលជំហររួចហើយថា ចង់បើកដំណើរការឡើងវិញឆាប់ៗ។
លោក ម៉ុម សារឿន បានគូសបញ្ជាក់បន្ថែមថា មិនយូរទៀតនោះទេ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល នឹងបើកដំណើរការឡើងវិញ ព្រោះបើតាមការពិនិត្យស្ថានភាពជាក់ស្ដែង ខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែងរបស់កម្ពុជា មិនមានបញ្ហាប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩នោះទេ។ ហើយនៅច្រកព្រំដែនទៀតសោទ ក៏បានដាក់មន្ដ្រីសុខាភិបាល ដើម្បីពិនិត្យសុខភាពជាប្រចាំផងដែរ៕