(ភ្នំពេញ)៖ ប្រជាពលរដ្ឋឥឡូវនេះកាន់តែមានឱកាសយ៉ាងខ្លាំង ចំពោះការបង្ហាញ និងលើកយកបញ្ហា នៅតាមមូលដ្ឋានរបស់ខ្លួន បញ្ជូនទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចាប់តាំងពី ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសទៅកាន់ប្រជាពលរដ្ឋ ឲ្យផ្តល់ព័ត៌មាននូវភាពមិនប្រក្រតីនានា ដែលពួកគាត់ បានជួបប្រទះនៅក្នុងជីវភាពប្រចាំថ្ងៃជាមួយមន្រ្តី និងសមត្ថកិច្ចចូលតាម Facebook របស់សម្តេច។
បញ្ហាជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ក្រោយពីទទួលបានព័ត៌មានទាំងនោះពីពួកគាត់ តាមរយៈ Facebook ទាំងការផ្ញើសារតាម Messager និងការតាមការបញ្ចេញ Comments នៅក្នុងរឿងអ្វីមួយដែលសម្តេចបានបង្ហោះ។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋទំនងរស់នៅ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ បានផ្តល់ព័ត៌មានអំពីករណី ដែលនាយរងប៉ុស្តិ៍នគរបាលសង្កាត់កាកាប បានសង់ផ្ទះរំលោភផ្លូវសាធារណៈ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរនោះឡើយ។
ប្រជាពលរដ្ឋ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «មានករណីរំលោភលួចផ្លូវសារធារណៈ យកមកធ្វើផ្ទះ១ល្វែងបន្ថែមទៀត របស់លោកអនុសេនីយ៍ទោ ជា ប្រុស អនុប្រធានប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យប្រជាជនអស់ជំនឿ និងការដោះស្រាយរបស់សមត្ថកិច្ច! សូមសម្តេចជួយផ្លូវសាធារណៈមួយនេះ ដូចដើមវិញផង សូមជូនពរសម្តេច ឆាប់ជាសះស្បើយ វិលមកជាម្លប់របស់កូនចៅ និងប្រជាជនកម្ពុជា»។
នៅរសៀលថ្ងៃទី១៩ ខែមករានេះ អង្គភាព Fresh News បានព្យាយាមទាក់ទៅ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែរដើម្បីសុំការបំភ្លឺចំពោះការលើកឡើង របស់ប្រជាពលរដ្ឋ ប៉ុន្តែលោកមិនទាន់លើកទូរស័ព្ទ៕